(បេរូត)៖ កងទ័ពអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានអះអាងពីការរកឃើញផ្លូវរូងក្រោមដីដ៏ធំបំផុតមួយ ក្នុងតំបន់ហ្កាហ្សា ដែលពួកគេមិនធ្លាប់បានរកឃើញមកទល់នឹងបច្ចុប្បន្ន ស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីព្រំដែនរវាងហ្កាហ្សា និងអ៉ីស្រាអែល។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

អ្នកសារព័ត៌មាន AFP ម្នាក់ដែលទទួលបានការអនុញ្ញាតចូលក្នុងផ្លូវរូងក្រោមដីខាងលើ បាននិយាយថាផ្លូវរូងក្រោមដីនេះមានកន្លែងខ្លះអាចឱ្យរថយន្ដ ខ្នាតតូចបើកបរបាន។ ដោយឡែក បើតាមកងទ័ពអ៉ីស្រាអែលវិញ ផ្លូវរូងក្រោមដីគឺជាផ្នែកមួយនៃបណ្ដាញផ្លូវរូងក្រោមដីដ៏ធំមួយលាតសន្ធឹងប្រវែង ៤គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ ៤០០ម៉ែត្រពីច្រកព្រំដែន Erez។

កងទ័ពអ៉ីស្រាអែលឱ្យដឹងទៀតថា ក្រុមហាម៉ាសបានចំណាយប្រាក់រាប់លានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំដើម្បីសាងសង់ផ្លូវរូងក្រោមដីនេះ នៅក្រោមគម្រោងមួយដឹកនាំដោយលោក មហាំម៉ាត់ យ៉ាសយ៉ា (Mohamed Yahya) ជាបងប្អូនបង្កើតរបស់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាសយ៉ា ស៊ីវ៉ា (Yahya Sinwar)។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយអ៉ីស្រាអែលក្នុងឆ្នាំ២០១៤ បណ្ដាញផ្លូវរូងក្រោមដីត្រូវបានពង្រីកកាន់តែធំ ហើយក្រុមហាម៉ាសបានប្រើ ផ្លូវរូងក្រោមដីជាញឹកញាប់ ដើម្បីសម្រួលដល់ការបាញ់គ្រាប់រ៉ុក្កែត។ ការសិក្សាមួយចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ដោយវិទ្យាស្ថាន Modern War Institute នៃសាលាយោធាអាមេរិក West Point បានឱ្យដឹងថាក្រុមហាម៉ាសមានផ្លូវរូងក្រោមដី១,៣០០កន្លែង និងលាតសន្ធឹកប្រវែង ៥០០គីឡូម៉ែត្រក្នុងតំបន់ហ្កាហ្សា។

កាលពីដើមខែធ្នូកន្លងទៅ កងទ័ពអ៉ីស្រាអែលបានអះអាងពីការរកឃើញផ្លូវរូងក្រោមចំនួន៨០០ ក្នុងនោះ មាន៥០០ត្រូវបានបំផ្លាញ ហើយឥលូវ ក៏មានសេចក្ដីរាយការណ៍ដែរថាអ៉ីស្រាអែលបានចាប់ផ្ដើមបូមទឹកសមុទ្រ ដើម្បីពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស៕