(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ បន្ទាប់ពីសេតវិមាន ព្រមានថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក គឺជា ថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ចេញពីតំបន់មួយនៅក្បែរ ទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត។ ព្រមពេលជាមួយគ្នា យោធាកូរ៉េខាងត្បូង ក៏បានបង្កើនការប្រុងជើងការខ្ពស់ផងដែរ និងកំពុងតាមដានស្ថានការណ៍ ក៏ដូចជាចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ កើតមានឡើងក្រោយកូរ៉េខាងជើងកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ដោយមីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុងព្យុងយ៉ាង និងហោះបានចម្ងាយ ៥៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទឹកសមុទ្រ។ ការធ្វើតេស្ដកាលពីថ្ងៃអាទិត្យទៀតសោត ធ្វើឡើងចំពេលកូរ៉េខាងជើង ប្រារព្ធខួបមរណភាពនៃឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១៕

រូបភាពពី AFP