(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា រុស្ស៊ីនឹងវាយប្រហារប្រទេសណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថាវារឿងមិនសមហេតុផលទាល់តែសោះ និងមិនមានប្រយោជន៍អ្វីសម្រាប់រុស្ស៉ី ក្នុងការធ្វើបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

សង្រ្គាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ ១៩៦២
ខណៈលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី អាចនាំឱ្យមានសង្គ្រាមលោកលើកទី ៣ ។

ក្នុង​ការ​អង្វរទទូចដល់​គណបក្ស​សាធារណរដ្ឋ ​កុំ​ឲ្យ​រារាំង​ជំនួយ​យោធា​បន្ថែម​ទៀត​នៅ​ដើម​ខែ​នេះសម្រាប់អ៊ុយក្រែន លោក បៃដិន បាន​ព្រមាន​ថា ប្រសិន​បើ​លោក ពូទីន បានទទួល​ជ័យ​ជំនះ​លើ​អ៊ុយក្រែន មេដឹកនាំ​រុស្ស៊ី​រូបនេះនឹង​មិន​បញ្ឈប់​ឡើយ ហើយ​នឹងបន្ត​វាយ​ប្រហារ​រដ្ឋ​សមាជិក​ណាតូបន្ថែមទៀត។

ជាការឆ្លើយតប លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃអាទិត្យ (១៧ ធ្នូ) ថា «វាមិនសមហេតុសមផលទាល់តែសោះ ហើយខ្ញុំគិតថាប្រធានាធិបតី បៃដិន ក៏អាចយល់បានដែរ» ដោយបន្ថែមថា លោក បៃដិន ហាក់ដូចជាកំពុងព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃ «គោលនយោបាយខុស» របស់ខ្លួន ចំពោះប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៉ីរូបនេះបានសង្កត់ធ្ងន់ថា «រុស្ស៊ីគ្មានហេតុផល ឬផលប្រយោជន៍ ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ឬផលប្រយោជន៍យោធានោះទេ សម្រាប់ការប្រយុទ្ធជាមួយប្រទេសណាតូ»

គួរបញ្ជាក់ថា អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីផ្តល់ការពារសន្តិសុខដល់លោកខាងលិច ប្រឆាំងនឹងសហភាពសូវៀតដែលបានដួលរលំក្នុងឆ្នាំ ១៩៩១។ អង្គការយោធានេះត្រូវបានពង្រីក ដើម្បីរួមបញ្ចូលបណ្តាប្រទេសអតីតសហភាពសូវៀតមួយចំនួន និងប្រទេសកិច្ចព្រមព្រៀង Warsaw Pact ផងដែរ។ លោក ពូទីន បានពណ៌នាម្តងហើយម្តងទៀត ចំពោះការពង្រីកសមាជិកក្រោយសង្គ្រាមត្រជាក់របស់ណាតូនេះថា ជាភស្តុតាងនៃភាពក្រអឺតក្រទមរបស់បស្ចិមលោក ក្នុងការដោះស្រាយកង្វល់សន្តិសុខរបស់រុស្ស៊ី៕

រូបភាពពី AFP