(វ៉ាស៊ីនតោន)៖ មេដឹកនាំយោធាកំពូលទាំងពីររបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលអ៊ីស្រាអែល អំពីរបៀបផ្លាស់ប្តូរពីប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ទៅជាប្រតិបត្តិការដែលមានកម្រិត និងទប់ស្កាត់សង្គ្រាមក្នុងតំបន់មិនឱ្យរីករាយដាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ការធ្វើដំណើររបស់ពួកគេកើតឡើង នៅពេលដែលពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាឆ្លងកាត់សមុទ្រក្រហមកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា ពួកគេនឹងបន្តការវាយប្រហារបែបនេះរហូតដល់ «ការឈ្លានពាន» របស់អ៊ីស្រាអែលបានបញ្ចប់។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតអាមេរិក USS Carney បានវាយប្រហារដោយជោគជ័យនូវយន្តហោះគ្មានមនុស្សបើកចំនួន ១៤ គ្រឿងដែលបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន។ ដោយឡែករបាយការណ៍របស់ចក្រភពអង់គ្លេសបាននិយាយថា នាវាពិឃាត Royal Navy របស់ខ្លួន ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយទៀត សំដៅលើនាវាពាណិជ្ជកម្មផងដែរ។

វាគឺជាការវាយប្រហារចុងក្រោយបង្អស់ ដែលគំរាមកំហែងដល់នាវាពាណិជ្ជកម្ម និងនាវារបស់កងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហម ខណៈដែលអ៊ីស្រាអែលបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

មេដឹកនាំការពារជាតិអាមេរិកសង្ឃឹមថា នឹងអាចការពារហានិភ័យនៃជម្លោះក្នុងតំបន់មិនឱ្យកាន់តែរីករាយធំ ទាំងតាមរយៈដាក់ពង្រាយកម្រិតខ្ពស់ នៃយោធារបស់ខ្លួនក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយអ៊ីស្រាអែល ក្នុងការបញ្ជៀសពួកគេមិនឱ្យបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សាបន្ថែមទៀត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះ C.Q. Brown បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់រដ្ឋបាល លោក បៃដិន ក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យបន្ធូរដៃ ចំពោះការវាយលុករបស់ខ្លួននៅហ្គាហ្សា ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ផ្លាស់ទីលំនៅ និង ជាង ១៨,៧០០ នាក់បានស្លាប់៕