(ម៉ានីល)៖ មន្ត្រីការពារជាតិហ្វីលីពីនបាននិយាយថា ទាហានម្នាក់ និងសមាជិកក្រុមឧទ្ទាមដែលសង្ស័យចំនួន​ ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ទៀបភ្លីថ្ងៃអាទិត្យ ទី១៧ ធ្នូនេះ នៅក្នុងខេត្ត Batangas ភាគខាងត្បូងនៃទីក្រុងម៉ានីល។ នេះបើយោងតាមកាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

លោក Hector Estolas អ្នកនាំពាក្យកងពលថ្មើរជើងទី២ របស់កងទ័ពហ្វីលីពីន បាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេល ៤ ម៉ោងរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម NPA ដែលមានគ្នាប្រហែល ១៤ នាក់បានផ្ទុះឡើងនៅម៉ោងប្រហែល ២ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) នាថ្ងៃអាទិត្យនេះនៅក្នុងទីក្រុង Balayan។

យោងតាមអ្នកនាំពាក្យរូបនេះដដែល កងកម្លាំងរដ្ឋាភិបាលបានបើកការវាយប្រហារ បន្ទាប់ពីបានរកឃើញជំរុំបណ្តោះអាសន្នរបស់ក្រុមឧទ្ទាម NPA នៅក្នុងតំបន់ ដែលកំពុងរៀបចំផែនការអ្វីមួយ។ ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ​៧​នាក់ក្នុង​នោះ​មាន​ទាហាន​ម្នាក់​ផង​ដែរ ។ ចំណែកទាហានបីនាក់ផ្សេងទៀតបានរងរបួស។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មី ដែលគេហៅថា NPA បានប្រយុទ្ធជាមួយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៦៩ ដោយពួកគេផ្តោតការវាយប្រហាររបស់ពួកគេទៅលើតំបន់ជនបទ និងមានការប៉ះទង្គិចគ្នាជារើយៗជាមួយកងទ័ពរដ្ឋាភិបាល។ ទិន្នន័យយោធាបានបង្ហាញថា បច្ចុប្បន្ន NPA មានសមាជិកប្រមាណ ២,០០០ នាក់៕