(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូនេះបាននិយាយថាខ្លួនបានបាញ់ទម្លាក់មីស៊ីល ២គ្រាប់ និងយន្ដហោះដ្រូន ២០គ្រឿង នៅក្នុងការវាយប្រហារថ្មី មួយរបស់រុស្ស៉ីពេញមួយយប់ថ្ងៃសៅរ៍កន្លងទៅ ខណៈរុស្ស៉ីអះអាងដូចគ្នាពីការបាញ់ទម្លាក់យន្ដហោះដ្រូន ៣៣គ្រឿងបាញ់ចេញពីអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ថា «កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារដោយប្រើមីស៊ីលគ្រូស Iskander-K និងមីស៊ីល Kh-59 រួមទាំងយន្ដហោះដ្រូនប្រភេទ Shahed ២០គ្រឿង។ សេចក្ដីថ្លែងការណ៍នេះបន្តថាកងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន និងមីស៊ីល Kh-59 ខណៈមីស៊ីលគ្រូស Iskander-K មិនបានហោះទៅដល់គោលដៅនោះទេ ហើយមីស៊ីលទាំង២គ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់គ្រីមៀ និងតំបន់ខឺសុន។ តែមិនបានបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ។

ដោយឡែក ខាងរុស្ស៉ីវិញ នៅថ្ងៃអាទិត្យនេះក៏បានអះអាងដែរពីការទប់ស្កាត់ការវាយប្រហារពីយន្ដហោះដ្រូន ៣៣គ្រឿង មកលើតំបន់ព្រំដែនរបស់ខ្លួនចំនួន៣ ជាប់ជាមួយអ៊ុយក្រែន។ តាមក្រសួងការពារជាតិរុស្ស៉ី ប្រព័ន្ធការពារដែនអាកាសបានស្ទាក់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន ៣៣គ្រឿងលើដែនអាកាសនៃតំបន់ Lipetsk, Rostov និងតំបន់ Volgograd។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រុស្ស៉ីបានបាញ់យន្ដហោះដ្រូនប្រយុទ្ធលើតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន និងបានបាញ់មីស៊ីលបាលិស្ទីគលើទីក្រុងកៀវ ដោយបណ្ដាលឱ្យមនុស្ស ៥០នាក់រងរបួសដោយសារបំណែកយន្ដហោះដ្រូន និងមីស៊ីលទាំងនេះធ្លាក់ចំ៕

រូបភាពពី Reuters