(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ដោយប្រយោលថាកិច្ចចរចាថ្មីមួយក្រោមការសម្របសម្រួល របស់កាតា កំពុងធ្វើឡើង ដើម្បីសង្រ្គោះចំណា​ប់ខ្មាំងដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាប្រធានក្រុមអ្នកចរចា អ៉ីស្រាអែលបានជួបជាមួយនាយករដ្ឋមន្ត្រីកាតា រៀបចំឡើងក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣។

នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ លោក Netanyahu មិនបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាននោះទេ ពាក់ព័ន្ធនឹងជំនួបមួយ កាលពីថ្ងៃសុក្រកន្លងទៅនេះ រវាងប្រធានក្រុមអ្នកចរចាអ៉ីស្រាអែល គឺនាយកចារកម្មអ៉ីស្រាអែល Mossad លោក David Barnea និងនាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ សៀស មហាំម៉ាត់ ប៊ីន អាប់ឌុលរ៉ស់ម៉ាន អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani)។ ប៉ុន្តែ លោក Netanyahu បានទទួលស្គាល់ថាលោកបានចេញបញ្ជាមួយទៅកាន់ក្រុមអ្នកចរចាអ៉ីស្រាអែល។

គួរបញ្ជាក់ថា ព័ត៌មានពីកិច្ចរចាជុំថ្មីមួយខាងលើ ត្រូវបានរាយការណ៍មុនគេដោយកាសែតអាមេរិក Axios ដែលកើតឡើងបន្ទាប់ពីយោធាអ៉ីសា្រអែល បានសារភាពថាទាហានរបស់ខ្លួនបានបាញ់សម្លាប់ចំណាប់ខ្មាំង ៣នាក់ដោយចៃដន្យកាលពីថ្ងៃសុក្រ៕

រូបភាពពី Reuters