(តូក្យូ)៖ មេដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូនេះ បានឈានដល់ការឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសន្តិសុខសមុទ្រ អំឡុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ក្នុងទីក្រុងតូក្យូ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីថ្លែងការណ៍នេះដដែល បានឱ្យដឹងទៀតថាអាស៊ាន និងជប៉ុន នឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ព្រមទាំងសណ្ដាប់ធ្នាប់សមុទ្រ ផ្អែកលើច្បាប់ជាមូលដ្ឋាន ក្នុងនោះរួមមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងសេរីភាពពណិជ្ជកម្ម។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើ អាស៊ាន និងជប៉ុន ក៏នឹងពង្រឹងផងដែរនូវចំណេះដឹង កិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងដែនសមុទ្រ រួមទាំងធានានូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនសម្លុតគំរាម ឬប្រើប្រាស់កម្លាំងបាយ នោះឡើយ ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ៕

រូបភាពពី Reuters