(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូនេះ ជាការសម្ញែងសាច់ដុំយោធា នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការមកដល់របស់នាវាមុជទឹក USS Missouri ឬ SSN-780 កើតមានឡើង បន្ទាប់ពីកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរជាលើកទី២ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ក្រោយកិច្ចប្រជុំនេះ សេចក្ដីថ្លែងការណ៍រួមមួយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមានថារាល់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក គឺជារឿងមិនអាចទទួលយកបាន ហើយវានឹងនាំទៅរកថ្ងៃអន្សារបស់របបដឹកនាំលោក គីម ជុងអ៊ុន។

កាលពីដើមសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ក៏បាននិយាយថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅក្នុងខែធ្នូនេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ពីមុនមកគឺជារឿងកម្រនឹងកើតឡើងណាស់។ ប៉ុន្តែ ការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ របស់អាមេរិកទៅកូរ៉េខាងត្បូង មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកការ កំញើញប្រឆាំងនឹងកូរ៉េខាងជើង។ នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកឈ្មោះ USS Santa Fe ក៏បានធ្វើទស្សនកិច្ចទៅកាន់កោះ Jeju របស់កូរ៉េខាងត្បូងដែរ កាលពីខែវិច្ឆិកា រីឯនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Busan ក្នុងខែវិច្ឆិកាដដែល៕

រូបភាពនាវាមុជទឹក USS Missouri ដោយកងទ័ពជើងទឹកអាមេរិក