(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង បានកើនឡើងខ្លាំង ជាជាងធូរស្រាល នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ភ្ជាប់ជាមួយការព្រមានដែរថាការកើនឡើងនៃការទាមទាររបស់ទីក្រុងប៉េកាំង បានបង្កជា បញ្ហាប្រឈមជាក់ស្ដែង ចំពោះបណ្ដាប្រទេសអាស៊ីជិតខាងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ លោក Marcos ក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ក្នុងការពង្រឹង សម្ព័ន្ធភាពជាមួយបណ្ដាប្រទេសប្រធិបតេយ្យ ដោយលោកចង់សំដៅលើទំនាក់ទំនងត្រីភាគីរវាងហ្វីលីពីន ជប៉ុន និងសហរដ្ឋអាមេរិក។

តាមសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយដោយការិយាល័យប្រធានាធិបតីហ្វីលីពីន នាឱកាសចូលរួមកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងតូក្យូរវាងជប៉ុន និងអាស៊ាន លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាបារម្ភយ៉ាងខ្លាំងដែលយើងត្រូវនិយាយថាភាពតានតឹងបានកើនឡើង ជាងធូរសា្រល នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ឬប៉ុន្មានឆ្នាំមកនេះ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Marcos ធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានចោទប្រកាន់ និងទម្លាក់កំហុងដាក់គ្នា ទៅវិញទៅមក ជុំវិញការប៉ះទង្គិចគ្នានៅក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទនៃតំបន់សមុទ្រចិនខាងត្បូង ជាទីដែលក្រុមអ្នកវិភាគមានការព្រួយបារម្ភថា ជម្លោះប្រដាប់អាវុធអាចនឹងផ្ទុះឡើង ប្រសិនបើការប៉ះទង្គិចគ្នានៅតែបន្តកើតឡើង៕

រូបភាពពី Reuters