(បាងកក)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលកំពុងវាយប្រយុទ្ធជាមួយនឹងរបបសឹកមីយ៉ាន់ម៉ា បានអះអាងថាពួកគេដណ្ដើមបានទីក្រុងដ៏សំខាន់ មួយ នៅក្នុងរដ្ឋ Shan តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនបាននិយាយថាខ្លួនបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ការវាយប្រយុទ្ធគ្នាបានរាលដាលនៅទូទាំងរដ្ឋ Shan ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ព Arakan (AA) កងទ័ពសម្ព័ន្ធភាពជាតិ ប្រជាធិបតេយ្យមីយ៉ាន់ម៉ា(MNDAA) និងកងទ័ពរំដោះជាតិ Ta'ang (TNLA) បានបើកប្រតិបត្តិការវាយលុករួមគ្នាមួយកាលពីចុងខែតុលាកន្លងទៅ។

កងទ័ពទាំង៣ក្រុមនេះដែលបានហៅខ្លួនឯងថាសម្ព័ន្ធភាពបងប្អូនទាំង៣ (Three Brotherhood Alliance) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូថា ពួកគេដណ្ដើមប៉ុស្តិ៍យោធាច្រើនកន្លែង និងទីក្រុងដ៏សំខាន់មួយដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាមួយចិន។ ចិនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រកាសថាខ្លួនបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយរវាងកងទ័ពជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា ហើយការផ្អាក ការប្រយុទ្ធគ្នាបានធ្វើឡើងនៅក្នុងតំបន់គ្រប់គ្រងដោយកងទ័ពសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា(MNDAA)។ ប៉ុន្តែការវាយប្រយុទ្ធនៅតែបន្ត កើតឡើងក្នុងតំបន់គ្រប់គ្រងដោយកងទ័ព Arakan (AA) និង កងទ័ពរំដោះជាតិ Ta'ang (TNLA)។

TNLA បានអះអាងថាពួកគេដណ្ដើមបានទីក្រុង Namhsan កាលពីថ្ងៃសុក្រកន្លងទៅនេះ បន្ទាប់ពីបានបើកការវាយលុកអស់រយៈពេលជាង២សប្ដាហ៍ មកនេះលើតំបន់ជាច្រើននៃទីក្រុងមួយនេះ។

គួរបញ្ជាក់ថា គិតជាសរុប កងទ័ពសម្ព័ន្ធមិត្តបងប្អូនទាំង៣ បាននិយាយថាពួកគេដណ្ដើមបានមូលដ្ឋានចំនួន៤២២ទីតាំង និងទីក្រុងចំនួន៧ ពីយោធាមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី២៧ ខែតុលាមក ខណៈក្រុមអ្នកវិភាគជាច្រើនយល់ថាយោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការគំរាមកំហែងធំបំផុត មិនធ្លាប់មានចំពោះអំណាចរបស់ខ្លួន ចាប់តាំងពីធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១មក៕

រូបភាពពី Reuters