(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះបានព្រមានជាថ្មីទៅកាន់កូរ៉េខាងជើងថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ណាមួយលើសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអន្សានៃរបបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីថ្លែងការណ៍រួមមួយរបស់ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរអាមេរិក-​កូរ៉េខាងត្បូង ក៏បានបញ្ជាក់ឡើងវិញផងដែរថារាល់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង នឹងត្រូវប្រឈមមុខនឹងការសងសឹកវិញយ៉ាងចាស់ដៃ។ «សហរដ្ឋអាមេរិកបានអះអាងឡើងវិញពីការប្ដេជ្ញាចិត្ត ឥតងាករេ ចំពោះការការពារសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដោយប្រើប្រាស់គ្រប់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំង នុយកេ្លអ៊ែរផងដែរ»។ នេះជាការបញ្ជាក់របស់សេចក្ដីថ្លែងការណ៍រួមនេះដដែល។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិ​ន ក៏ធ្លាប់ធ្វើការព្រមានដូចគ្នានេះដែរដោយនិយាយថាការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងនាំទៅរកទីបញ្ចប់នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ចំណែក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានដូចគ្នាដែរថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក គឺជាទីបញ្ចប់នៃរបបដឹកនាំរបស់លោក គីម ជុងអ៊ុន៕

រូបភាពពី​ KCNA តាមរយៈ Reuters