(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា អឺរ៉ុប (EU) ត្រូវតែខិតខំដើម្បីធានាថាអាចការពារខ្លួនឯងបានប្រសើរជាងមុន ខណៈដែលការគំរាមកំហែងផ្នែកយោធាថ្មីអាចនឹងលេចឡើងនៅចុងសតវត្សរ៍នេះ ហើយបើសូម្បីតែការផ្តោតអារម្មណ៍ក្នុងចំណោមសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកក៏កំពុងងាកទៅរកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុក លោក Pisturios និយាយថា រុស្ស៉ីកំពុងបង្កើនការផលិតអាវុធយ៉ាងខ្លាំងដើម្បីទ្រទ្រង់ការវាយបកពីអ៊ុយក្រែន ខណៈកំពុងគំរាមកំហែងដល់បណ្តាប្រទេសក្នុងតំបន់បាល់ទិក ដូចជាហ្សកហ្ស៉ី និងម៉ុលដាវី។ ទន្ទឹមនេះ សហរដ្ឋអាមេរិកទំនងជានឹងកាត់បន្ថយការចូលរួមផ្នែកយោធារបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ដោយសារតែការងាកទៅរកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែខ្លាំង។
លោក Pistorius បានបញ្ជាក់ថា «យើង (អឺរ៉ុប) ត្រូវតែចូលរួមបន្ថែមទៀតដើម្បីដល់ធានាសន្តិសុខនៅតំបន់របស់យើង ទោះបីជាវាត្រូវការពេលវេលាសម្រាប់បង្កើនការផលិតអាវុធផ្ទាល់ខ្លួនក៏ដោយ។ យើងមានពេលប្រហែល ៥ទៅ៨ឆ្នាំដើម្បីធ្វើឲ្យប្រសើរឡើងនូវកងកម្លាំងប្រដាប់អាវុធ វិស័យឧស្សាហកម្ម និងសង្គម»។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់រូបនេះ អឺរ៉ុបច្បាស់ណាស់ថា ខ្លួនក៏ប្រហែលជាត្រូវប៉ះប៉ូវជំនួយអាមេរិកសម្រាប់អ៊ុយក្រែនដែរ ប្រសិនបើវ៉ាស៊ីនតោនបរាជ័យក្នុងការបញ្ចេញកញ្ចប់ជំនួយយោធាថ្មី៕