(ព្រុចសែល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប (EU) បាននាំគ្នាបង្ហាញជំនឿចិត្តយ៉ាងរឹងមាំថា ពួកគេនឹងអាចអនុម័តកញ្ចប់ជំនួយធំមួយសម្រាប់អ៊ុយក្រែន នៅអំលុងដើមឆ្នាំ២០២៤ បើទោះបីជាមានការវេតូពីនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសសមាជិក EU ទាំង២៧ លើកលែងហុងគ្រីមួយ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាអំពីសមាជិកភាពជាមួយអ៊ុយក្រែន។ EU សម្រេចការឯកភាពនោះបាន បន្ទាប់ពីរំលងការជំទាស់របស់ហុងគ្រី តាមរយៈការទទូចឱ្យលោក Orban ចាកចេញពីបន្ទប់ប្រជុំ ប៉ុន្តែពួកគេពុំអាចជម្នះការបដិសេធរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី ក្នុងការកែសម្រួលកញ្ចប់ថវិការយៈពេលវែងរបស់ EU ដើម្បីផ្តល់ជំនួយសរុប៥០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនបាននោះទេ។
អ៊ុយក្រែនពឹងផ្អែកលើជំនួយពីសម្ព័ន្ធមិត្ត ដើម្បីប្រយុទ្ធតស៊ូនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលកំពុងអូសបន្លាយទៅរកឆ្នាំទី៣ហើយ។ ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកទល់នឹងពេលនេះ ក៏ហាក់មិនទាន់អាចរុញច្រានកញ្ចប់ជំនួយទំហំ ៦០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ឱ្យឆ្លងផុតសភាអាមេរិកនោះដែរ។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំ EU នឹងជួបពិភាក្សាគ្នាសាជាថ្មីអំពីបញ្ហាខាងលើ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវប្រព្រឹត្តទៅ នាចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំក្រោយ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងដូច្នេះថា «ពួកយើងកំពុងប្រឹងប្រែងធ្វើការជាខ្លាំង ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដែលទទួលយកដោយសមាជិកទាំង២៧។ ប៉ុន្តែខ្ញុំគិតថា ឥឡូវនេះក៏វាចាំបាច់ផងដែរ ក្នុងការធ្វើការលើលទ្ធភាពនៃជម្រើសផ្សេងៗ ដើម្បីឱ្យមានដំណោះស្រាយប្រើប្រាស់បានមួយ ក្នុងករណីដែលការឯកភាពដោយសមាជិកទាំង២៧ ឬដោយសំឡេងឯកច្ឆន្ទ មិនអាចទៅរួច»។ រីឯអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ស្ថិតក្នុងចំណោមក្រុមអ្នកដែលបង្ហាញសុទិដ្ឋិនិយម ក្នុងការសម្រេចឱ្យបានកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ផងដែរ៕
រូបភាពពី Reuters