(ឌូបៃ)៖ ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា សមាជិកក្រុមបំបែកខ្លួនបានសម្លាប់មនុស្ស ១១នាក់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារកាលពីយប់លើប៉ុស្តិ៍ប៉ូលិសមួយ នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
អភិបាលរងនៃខេត្ត Sistan និង Balochistan លោក Ali Reza MalhematI បាននិយាយថា មន្ត្រីប៉ូលិសជាន់ខ្ពស់ និងទាហានត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលបានកើតឡើងនាម៉ោងប្រហែល ២ព្រឹកនៅទីក្រុង Rask ដែលស្ថិតចម្ងាយប្រហែល ១,៤០០ គីឡូម៉ែត ភាគនិរតីនៃទីក្រុង Tehran។ លោកបានបន្ថែមថា ប៉ូលិសបានបាញ់តបត ដោយសម្លាប់ពួកខ្មាន់កាំភ្លើងជាច្រើននាក់។
ទូរទស្សន៍រដ្ឋបានស្តីបន្ទោសការវាយប្រហារនេះ ទៅលើក្រុមបំបែកខ្លួនដែលគេស្គាល់ថា Jaish Al-Adl។ ក្នុងឆ្នាំ ២០១៩ ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតលើឡានក្រុង ដែលបានសម្លាប់សមាជិក ២៧ នាក់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ និងក្រុមបំបែកខ្លួនតូចៗ នៅក្នុងតំបន់ភាគច្រើននៃនិកាយស៊ុននី បានវាយប្រហារប៉ុស្តិ៍ប៉ូលីស ដែលជាផ្នែកមួយនៃការបះបោរកម្រិតទាបប្រឆាំងនឹងរដ្ឋាភិបាល៕
រូបភាពពី Reuters