(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បាននិយាយថា ហ្វាំងឡង់នឹងបិទព្រំប្រទល់របស់ខ្លួនទាំងស្រុង ជាមួយប្រទេសរុស្ស៉ីសាជាថ្មីម្តងទៀត ដើម្បីបញ្ឈប់លំហូរជនស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីវិធានការបិទអស់រយៈពេល២សប្តាហ៍ ទើបតែត្រូវបានចាប់ផ្តើមបន្ធូរបន្ថយវិញប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។
ទីក្រុងហែលស៉ិនគី ធ្លាប់បានអះអាងថា ការកើនឡើងមួយរយៈចុងក្រោយនេះ នៃចំនួនជនសុំសិទ្ធិជ្រកកោនចូលមកតាមប្រទេសរុស្ស៉ី គឺជាចំណាត់ការមួយ ដែលត្រូវបានរៀបចំផែនការដោយទីក្រុងមូស្គូផ្ទាល់ ក្នុងគោលបំណងដើម្បីជាការសងសឹកចំ ពោះការដែលហ្វាំងឡង់សម្រេចចិត្តខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានច្រានចោល ការចោទប្រកាន់របស់ហ្វាំងឡង់។
បើតាមការអះអាងរបស់ឆ្មាំព្រំដែនហ្វាំងឡង់ លំហូរជនសុំសិទ្ធិជ្រកកោន ត្រូវបានបញ្ឈប់រយៈពេល២សប្តាហ៍ នៅពេលហ្វាំងឡង់ សម្រេចបិទព្រំប្រទល់ជាមួយរុស្ស៉ីទាំងស្រុង កាលពីចុងខែវិច្ឆិកាកន្លងទៅ ប៉ុន្តែវាបានបន្តជាថ្មី នៅពេលច្រកព្រំដែនចំនួន២ ក្នុងចំណោមច្រកទាំង៨ ត្រូវបានបើកឡើងវិញ ដោយមានមនុស្ស៣៦នាក់ ស្វែងរកសិទ្ធិជ្រកកោន ។
លោកស្រី Rantanen បាននិយាយដូច្នេះថា «នេះគឺជាសញ្ញាបង្ហាញថា អាជ្ញាធររុស្ស៉ីកំពុងតែបន្តប្រតិបត្តិការហាយប៊្រីដរបស់ពួកគេ ប្រឆាំងមកលើហ្វាំងឡង់។ ដូច្នេះហើយ វាគឺជាអ្វីដែលហ្វាំងឡង់នឹងមិនអាចអត់ឱនដាច់ខាត»។ លោកស្រីបានបន្តទៀតថា ការបិទព្រំប្រទល់សាជាថ្មីជាមួយរុស្ស៉ី នឹងចាប់ផ្តើមនៅវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍សប្តាហ៍នេះ ហើយនឹងមានរយៈពេល១ខែ។
គួរបញ្ជាក់ថា យោងតាមការអះអាងពីមុនរបស់ឆ្មាំព្រំដែនហ្វាំងឡង់ ជនស្វែងរកសិទ្ធិជ្រកកោនចំនួនប្រហែល៩០០នាក់ មកពីប្រទេសផ្សេងៗដូចជាកេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៉ីរី និងយេម៉ែន បានធ្វើដំណើរចូលប្រទេសអឺរ៉ុបខាងជើងមួយនេះ តាមរយៈប្រទេសរុស្ស៉ី កាលពីក្នុងខែវិច្ឆិកា ខណៈមុនពេលនោះ ជាធម្មតាគឺមានមិនដល់ម្នាក់ឡើយ ក្នុងមួយថ្ងៃ។ អំលុងការបិទព្រំប្រទល់ជាមួយរុស្សី ២សប្តាហ៍នោះ ហ្វាំងឡង់បាននៅបន្តអនុញ្ញាត ឱ្យមានការដាក់ពាក្យសុំសិទ្ធិជ្រកកោន សម្រាប់ជនចំណាកស្រុក ដែលមកដល់ប្រទេសខ្លួន តាមច្រកកំពង់ផែនិងអាកាសយានដ្ឋាន៕
រូបភាពពី Reuters