(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានសាទរសភាអាមេរិក សម្រាប់ការផ្តល់ភ្លើងបៃតងចំពោះ ការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឱ្យទៅប្រទេសដទៃជាលើកដំបូង ខណៈប្រការនេះអនុញ្ញាតឱ្យ ភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចាប់ដំណើរការទៅមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមាណជាង២ភាគ៣ នៃសមាជិកសភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយការពារជាតិមួយ ដែលរួមមានទាំងកញ្ចប់ថវិកាយោធាប្រចាំឆ្នាំទំហំធំមិនធ្លាប់មាន រហូតដល់៨៨៦ពាន់លានដុល្លារ ហើយអនុញ្ញាតគោលនយោបាយផ្សេងៗ ដូចជាការផ្តល់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ព្រមទាំងការទប់ទល់ឥទ្ធិពលចិន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានលើកឡើងដូច្នេះថា «វាជាជោគជ័យពិសេសមួយ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ មានន័យថា កិច្ចព្រមព្រៀង AUKUS អាចចាប់ដំណើរការទៅមុខជាផ្លូវការ, មានន័យថា អូស្រ្តាលីនឹងទទួលបាននាវាមុជទឹកថ្នាក់ Virginia-class ទាំងនោះ ដែលដើរដោយថាមពលនុយក្លេអ៊ែរ ខណៈពួកវានឹងមានសារសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខជាតិអូស្រ្តាលី»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង AUKUS ដែលមានគោលដៅអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងសព្វាវុធប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្សេងទៀត គឺជាគម្រោងការពារជាតិមានតម្លៃថ្លៃបំផុតរបស់ប្រទេសអូស្រ្តាលី ដែលមានទំហំសរុប២២៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ទសវត្សរ៍ ប៉ុន្តែវាត្រូវពឹងផ្អែកលើ ការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីចែករំលែកបច្ចេកវិទ្យាដ៏រសើបនេះ។ អូស្រ្តាលីបាននិយាយថាចង់ឃើញ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលដោតទង់ជាតិអូស្រ្តាលី ត្រូវបានដាក់ទៅក្នុងផ្ទៃទឹក នៅអំលុងដើមទសវត្សរ៍ឆ្នាំ២០៣០។ ដោយឡែក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS ថ្នាក់ថ្មី ដែលផលិតដោយអូស្រ្តាលីផ្ទាល់ គឺត្រូវបានរំពឹងថា នឹងសម្រេចបានតាមក្រោយ នៅខ្ទង់ដើមឆ្នាំ២០៤០៕
រូបភាពពី Reuters