(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួនបានចល័តក្រុមយន្តហោះចម្បាំងឡើងទៅផ្ទៃអាកាស ខណៈដែលយន្តហោះយោធាចិន២គ្រឿង រួមជាមួយយន្តហោះយោធារុស្ស៉ី៤គ្រឿង បានបើកហោះចូលមកក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ហៅកាត់ថា KADIZ របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
កូរ៉េខាងត្បូងបាននិយាយថា ក្រុមយន្តហោះយោធាចិននិងរុស្ស៉ី បានហោះចូលនិងចាកចេញពីតំបន់ KADIZ នៅលើសមុទ្រខាងកើត (សមុទ្រជប៉ុន) ចាប់ពីខ្ទង់ម៉ោង១១៖៥៣នាទីព្រឹក ដល់ម៉ោង១២៖១០នាទីថ្ងៃត្រង់ ប៉ុន្តែពុំមានការរំលោភដែនអាកាសកើតឡើងឡើយ។ យោធាកូរ៉េខាងត្បូងបានបន្ថែមថា ខ្លួនតែងតាមដានយន្តហោះប្រទេសដទៃ មុនពេលពួកវាហោះចូលតំបន់ KADIZ រួចហើយចល័តក្រុមយន្តហោះចម្បាំងរបស់កងទ័ពអាកាសខ្លួន ដើម្បីចាត់វិធានការតាក់ទិច ត្រៀមសម្រាប់ស្ថានការណ៍បន្ទាន់ផ្សេងៗ។ ចិននិងរុស្ស៉ីគឺជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កូរ៉េខាងជើង ខណៈសហរដ្ឋអាមេរិកបានព្រមាន ពីភាពជិតស្និទ្ធខ្លាំងឡើងនៃទំនាក់ទំនងទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំនេះ កូរ៉េខាងត្បូង បានចល័តយន្តហោះចម្បាំងឡើងលើផ្ទៃអាកាស ឆ្លើយតបចំពោះវត្តមានរបស់ក្រុមយន្តហោះយោធាចិននិងរុស្សី នៅក្បែរដែនអាកាសរបស់ខ្លួន ស្របពេលដែលប្រទេសទាំងពីរ បានធ្វើប្រតិបត្តិការល្បាតដែនអាកាសរួមគ្នា នៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។ រីឯកាលពីខែវិច្ឆិកា ឆ្នាំមុន យន្តហោះយោធាមកពីចិននិងរុស្ស៉ី ក៏បានហោះចេញចូលតំបន់ KADIZ របស់កូរ៉េខាងត្បូងផងដែរ ហើយញ៉ាំងឱ្យទីក្រុងសេអ៊ូលឆ្លើយតប ដោយចល័តយន្តហោះចម្បាំងរបស់ខ្លួន។ យ៉ាងណាមិញ ស្រដៀងនឹងហេតុការណ៍នាថ្ងៃព្រហស្បតិ៍នេះដែរ គឺអំលុងសកម្មភាពទាំង២ពេលនោះ ពុំមានការបំពានចូលដែនអាកាសកូរ៉េខាងត្បូងតែម្តង កើតឡើងឡើយ៕
រូបភាពពី Reuters