(ប៉ារីស)៖ ការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនាថ្ងៃព្រហស្បតិ៍នេះ របស់អង្គការអ្នកកាសែតគ្មានព្រំដែន ហៅកាត់ RSF បានបង្ហាញថា ចំនួនអ្នកកាសែតដែលបានបាត់បង់ជីវិតពេលកំពុងបំពេញភារកិច្ច បានថយចុះក្នុងឆ្នាំនេះ បើទោះបីជាសង្រ្គាមថ្មីបានផ្ទុះឡើងនៅតំបន់ Gaza Strip ហើយផ្តាច់ជីវិតអ្នកកាសែតមួយចំនួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
RSF បាននិយាយក្នុងរបាយការណ៍ថា អំលុងពេល១១ខែនៃឆ្នាំ២០២៣ អ្នកកាសែតសរុបចំនួន៤៥នាក់ ត្រូវបានសម្លាប់ពេលកំពុងបំពេញការងាររបស់ខ្លួន ខណៈតួលេខនេះគឺជាការថយចុះ ធៀបនឹងចំនួនអ្នកកាសែតសរុប៦១នាក់ស្លាប់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ វាក៏ជាតួលេខទាបបំផុតផងដែរ គិតចាប់តាំងពីតួលេខអ្នកកាសែតស្លាប់៣៣នាក់ កាលពីឆ្នាំ២០២២ ហើយមូលហេតុចម្បង គឺដោយសារតែការថយចុះច្រើន នៅឯតំបន់អាមេរិកឡាទីន។
ស្របពេលអ្នកកាសែតសរុបប្រហែល ៦៣នាក់បានស្លាប់ នៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ក៏ដោយ មានតែ១៧ករណីក្នុងចំណោមនោះប៉ុណ្ណោះ ដែលស្ថិតក្រោមការកំណត់និយមន័យរបស់អង្គការ RSF។ ក្នុងចំណោម១៧នាក់ ដែល RSF រាប់ថាត្រូវបានសម្លាប់ ពេលកំពុងអនុវត្តការងារវិជ្ជាជីរៈរបស់ខ្លួន នៅមជ្ឈិមបូព៌ា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ១៣នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល នៅតំបន់ Gaza, ៣នាក់ស្លាប់ នៅលីបង់ និងម្នាក់ស្លាប់នៅអ៉ីស្រាអែល ក្រោមដៃពួកហាម៉ាស។
គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានសម្លាប់អ្នកកាសែត២នាក់ នៅក្នុងឆ្នាំ២០២៣នេះ ខណៈសរុប១១នាក់ ត្រូវបានសម្លាប់គិតតាំងពី សង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រីឯនៅតំបន់អាមេរិកឡាទីន ចំនួនអ្នកកាសែតស្លាប់បានថយចុះខ្លាំង ដោយមានត្រឹម៦នាក់ប៉ុណ្ណោះក្នុងឆ្នាំនេះ ធៀបនឹង២៦នាក់ កាលពីឆ្នាំ២០២២។ បើតាម RSF អ្នកកាសែតចំនួន៨៤នាក់ ក៏បានបាត់បង់ខ្លួននៅទូទាំងពិភពលោកផងដែរ ហើយចំនួនអ្នកកាសែតដែលជាប់ឃុំឃាំង បានថយចុះពី៥៦៩នាក់ កាលពីឆ្នាំ២០២២ មកនៅ៥៦៩នាក់ ក្នុងឆ្នាំ២០២៣៕
រូបភាពពី AFP