(តូក្យូ)៖ ក្រុមប្រមុខការពារជាតិនៃចក្រភពអង់គ្លេស ជប៉ុន និងអ៉ីតាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំង៣ បានចុះសន្ធិសញ្ញាអន្តរជាតិជាផ្លូវការហើយ ដើម្បីបង្កើតកម្មវិធីរួមមួយ ដែលសំដៅអភិវឌ្ឍយន្តហោះចម្បាំងទំនើបជំនាន់ថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបានជាផ្លូវការ នៅរយៈពេលប្រមាណជា១ឆ្នាំ បន្ទាប់ពីប្រទេសទាំង៣ បានប្រកាសពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិលក្ខណៈធំ ជាលើកដំបូងជាមួយគ្នា តាមរយៈការរួមបញ្ចូលកិច្ចប្រឹងប្រែងដាច់ឡែក របស់ទីក្រុងឡុងដ៍ព្រមទាំងទីក្រុងតូក្យូ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី។ សភាប្រទេសនីមួយៗ នឹងចាំបាច់ត្រូវផ្តល់សច្ចាប័នចំពោះកិច្ចព្រមព្រៀងនេះ ដែលមានគោលដៅចង់មើលឃើញ យន្តហោះចម្បាំងជំនាន់ថ្មីនោះ អាចចាប់ផ្តើមហោះហើរបាន នៅអំលុងឆ្នាំ២០៣៥។ សម្រាប់ដំណាក់កាលអភិវឌ្ឍរួមនៃកម្មវិធីនេះ គឺនឹងចាប់ផ្តើមនៅឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាស ដែលធ្វើឡើងរួមគ្នាដោយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara, រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps និងរដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក Guido Crosetto នៅទីក្រុងតូក្យូ ទាំងទីស្នាក់ការកណ្តាលរដ្ឋាភិបាលរបស់កម្មវិធី Global Combat Air Programme (GCAP) និងទីស្នាក់ការកណ្តាលឧស្សាហកម្មរបស់ GCAP គឺនឹងមានមូលដ្ឋាននៅចក្រភពអង់គ្លេសទាំងអស់។ រីឯនាយកប្រតិបត្តិដំបូងនៃអង្គការរដ្ឋាភិបាលរបស់ GCAP នឹងមកពីខាងជប៉ុន ខណៈមេដឹកនាំដំបូងនៃអង្គការធុរកិច្ចរបស់ GCAP នឹងមកពីខាងអ៉ីតាលី។
គួរបញ្ជាក់ថា ក្រុមហ៊ុនអង់គ្លេស BAE Systems, ក្រុមហ៊ុនអ៉ីតាលី Leonardo, ក្រុមហ៊ុនផលិតមីស៉ីល MBDA និងក្រុមហ៊ុនផលិតម៉ាស៉ីន Rolls-Royce របស់អឺរ៉ុប គឺជាក្រុមហ៊ុនចូលរួមពាក់ព័ន្ធក្នុងកម្មវិធីខាងលើ ខណៈបើតាមសេចក្តីរាយការណ៍របស់ Reuters ក្រុមហ៊ុនមួយចំនួនទៀត ដូចជា Mitsubishi Heavy Industries, Mitsubishi Electric Corp ព្រមទាំង IHI Corp និង Avio Aero ក៏ត្រូវចូលរួមផងដែរ៕
រូបភាពពី Reuters