(តៃប៉ិ)៖ គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ខ្លួន កំពុងស្ថិតនៅប្រទេសចិន ដើម្បីជួបជាមួយសហគមន៍តៃវ៉ាន់នៅទីនោះ ខណៈដែលការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីនៅកោះតៃវ៉ាន់ នឹងត្រូវរៀបចំឡើងនាដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចខាងលើរបស់ អនុប្រធានគណបក្ស KMT លោក Andrew Hsia ដែលជាអតីតអ្នកការទូតតៃវ៉ាន់ និងធ្លាប់ជាប្រធាននៃក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការ ពាក់ព័ន្ធប្រទេសចិនរបស់តៃវ៉ាន់ គឺកើតមានឡើងចំពេលដែលគណបក្សរបស់លោក កំពុងតែខំព្យាយាមស្វែងរកការបង្រួមគម្លាតសំឡេងគាំទ្រនាំមុខ របស់គណបក្សកាន់អំណាច DPP នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងតំណាងរាស្រ្តតៃវ៉ាន់ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្ស KMT លោក Hsia ដែលបានទៅដល់ប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ កំពុងបំពេញទស្សនកិច្ចនៅទីក្រុង Chengdu, Nanchang, Zhongshan, Xiamen និង Chongqing តបតាមការអញ្ជើញពីសំណាក់ សហគមន៍ធុរកិច្ចតៃវ៉ាន់នៅក្នុងប្រទេសចិន ហើយលោកនឹងចូលរួមព្រឹត្តិការណ៍ផ្សេងៗ ជាមួយពួកគេ។ គណបក្ស Kuomintang ប្រកាន់និន្នាការចង់ឱ្យតៃវ៉ាន់ មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា១ឆ្នាំកន្លះមកនេះ លោក Hsia ធ្លាប់បានទៅប្រទេសចិនយ៉ាងហោច៣លើក រួមមានទាំងដំណើរទស្សនកិច្ចចម្រូងចម្រាស កាលពីខែសីហា ឆ្នាំ២០២២ ដែលកើតមានមិនយូរប៉ុន្មាន ក្រោយចិនបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ឆ្លើយតបការបំពេញទស្សនកិច្ចមកកាន់ទីក្រុងតៃប៉ិ របស់លោកស្រី Nancy Pelosi ដែលកាលនោះមានតួនាទីជា ប្រធានសភាតំណាងរាស្រ្តអាមេរិក៕
រូបភាពពី Reuters