(កៀវ)៖ កិច្ចប្រឹងប្រែងរបស់មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី ដើម្បីការនិយាយបន្ទន់ចិត្តសហរដ្ឋអាមេរិក ត្រូវបានសេតវិមានប្រកាសការផ្តល់ជំនួយ២០០លានដុល្លារ ប៉ុន្តែជំនួយនោះមិនមែន ជាជំនួយអនុម័តថ្មីដោយសភាកុងហ្គ្រេសឡើយ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា បើ​គ្មាន​មូលនិធិ​បន្ថែមទៀតនោះទេ ជំនួយនេះគឺលទ្ធភាពចុងក្រោយ

​ដែលគេអាចជួយចំពោះអ៊ុយក្រែន។

ប្រធានាធិបតី លោក Joe Biden បានប្រកាសផ្តល់ជំនួយ២០០លានដុល្លារ ដែលជាជំនួយត្រូវ បានអនុម័ត តាំងពីពេលមុនសម្រាប់អ៊ុយក្រែន បន្ទាប់ពីភាពតស៊ូស្វិតស្វាញរបស់មេដឹកនាំអ៊ុយ ក្រែនរូបនេះធ្វើដំណើរមកសហរដ្ឋអាមេរិក ដើម្បីការស្វែងរកជំនួយធ្វើសង្គ្រាមបន្តប្រឆាំងរុស្ស៊ី ។ ជំនួយចុងក្រោយនេះ គឺនៅទន្ទឹមនឹងលោកហ្សេឡិនស្គី បានព្យាយាមនិយាយ Lobby ដល់ សេតវិមានផង និងដល់សមាជិកសភាក្នុងវិមាន Capitol Hill ផងក្នុងការស្វែងរកជំនួយបន្តពីសហរដ្ឋអាមេរិក ប៉ុន្តែជំនួយចុងក្រោយ២០០លានដុល្លារនោះ មិនមែនជាជំនួយដែលមានការអនុម័តថ្មីពីសភាកុងហ្គ្រេសអាមេរិកឡើយ។

ជំនួយដែលស្នើដោយសេតវិមានជាង៦០ពាន់ លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងកញ្ចប់ថវិការួម១០៦ពាន់លាន​រួមទាំងថវិកាសម្រាប់អ៊ីស្រាអែល និងសន្តិសុខព្រំដែនផងដែរនោះ ត្រូវបានរាំងខ្ទប់ដោយសភាកុងហ្គ្រេស ដោយសារតែ គោលនយោបាយព្រំដែនស្នើដោយគណបក្សសាធារណរដ្ឋ​ ដើម្បីការរារាំងនូវចំនួនជន ចំណាកស្រុកដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក មិនត្រូវបានគណបក្សប្រជាធិបតេយ្យ បានយកចិត្តទុកដាក់ឡើយ។

លោក Joe Biden បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ៍ ជាមួយលោក Zelensky ថា «យើងនឹងបន្តការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធនិងបរិក្ខារសំខាន់ៗ ដរាបណាយើង នៅអាចធ្វើបាន រួមទាំងថវិកា ២០០ លានដុល្លារ ដែលខ្ញុំទើបតែបានអនុម័តនៅថ្ងៃនេះ ក្នុងសេចក្តីត្រូវការជាឧបករណ៍ចាំបាច់សំខាន់ៗ ដូចជាប្រព័ន្ធស្ទាក់ចាប់គ្រាប់នៃប្រព័ន្ធការពារដែនអាកាស, កាំភ្លើងធំ Artilley និងគ្រាប់រំសេវជាដើម។
លោកចូបៃដិន បាននិយាយបន្តថា «ប៉ុន្តែ​បើ​គ្មាន​មូលនិធិ​បន្ថែមទៀតទេ យើង​នឹង​ឈាន​ដល់​ភាពចុងក្រោយនូវ​សមត្ថភាព​របស់​យើង ​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ឆ្លើយតប​នឹង​ការ​ទាមទារ​ប្រតិបត្តិការ​បន្ទាន់​ដែល​អាចធ្វើទៅបាន»

សង្គ្រាមលើទឹកដីអ៊ុយក្រែនបង្កឡើងដោយរុស្ស៊ីបានឈានចូលដល់៦៥៨ថ្ងៃហើយ។ កង្វល់នៃ ការធ្វើសង្គ្រាមបណ្តើរនិងការខ្វះអាវុធជាបណ្តើរបានកើតឡើងស្ទើរមិនដែលមានពេលណា ដែលគ្មានរបាយការណ៍ព្រួយបារម្ភនេះឡើយ និងទីបំផុតការពន្យាផ្តល់អាវុធពីសហរដ្ឋអាមេ រិក ដែលជាមហាចន្ទល់ដ៏ធំក្នុងការជួយអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ីនេះ នៅតែកើតមានមិនអាច ចៀសផុតបានឡើយដោយសារតែវិបត្តិផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។

មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងបង្ហាញកាលពីថ្ងៃ ទៅ១១ធ្នូថាសេតវិមានទំនងនឹងអាចរកកញ្ចប់ជំនួយផ្សេងណាមួយទៀតសម្រាប់ជួយអ៊ុយ ក្រែននៅមុនដំណាច់ឆ្នាំ២០២៣នេះ។
ប៉ុន្តែលោក Zelenskyy នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ NBC News របស់ អាមេរិក បន្ទាប់ពីសន្និសីទសារព័ត៌មានរួច លោកបាននិយាយបង្ហាញក្តីសង្ឃឹមថា កិច្ចប្រ ជុំរបស់លោកជាមួយនឹងសមាជិកសភាអាមេរិកកន្លងរួចមកនេះ នឹងអាចមានប្រយោជន៍ ហើយលោកបញ្ជាក់ថា វាក៏មានឱកាសផ្តល់ការពន្យល់លម្អិតអំពីវឌ្ឍនភាពក្នុងសង្គ្រាម របស់ ប្រទេសអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីប្រាប់ទៅសមាជិកសភាអាមេរិកទាំងនោះវិញដែរ។

លោក Zelensky បានប្រាប់ទូរទស្សន៍អាមេរិកថា «ខ្ញុំគិតថា យើងមានជំនួបមួយដ៏ល្អណាស់ ជាមួយនឹងក្រុមព្រឹទ្ធសភាអាមេរិក»។ លោកបន្តទៀតថា «យើងបាននិយាយជាមួយតំណាង នៃភាគីទាំងពីរទាំងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ»។ លោកហ្សេឡិនស្គី ថ្លែងបន្តទៀតថា « ខ្ញុំគិតថាពួកគេទាំងនោះមិនបានដឹងនូវព័ត៌មានលម្អិតទាំងអស់ អំពីអ្វីដែល កំពុងកើតឡើងនៅក្នុងសមរភូមិនោះឡើយ»។ លោក ហ្សេឡិនស្គី បានប្រាប់ទូរទស្សន៍អាមេរិក ក្រោយជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះទៀតថា «សមាជិកព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់ថា ពួកយើងពិតជាមាន ជោគជ័យល្អណាស់ប្រឆាំងនឹងនាវារុស្ស៊ីនៅលើដែនស​មុទ្ទខ្មៅ»

អ៊ុយក្រែនបានបើកយុទ្ធនាការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញចាប់ផ្តើមតាំងពីដើមខែ មិថុនាឆ្នាំ២០២៣។ ប៉ុន្តែយុទ្ធនាការវាយបកនោះ មិនបានទទួលលទ្ធផលល្អដូចតាមការគ្រោងទុកឡើយ។ បើទោះបីជាមានសេចក្តីរាយការណ៍ខ្លះបង្ហាញការដណ្តើមយកដីបានតិចតួច ប៉ុន្តែភាគីអ៊ុយក្រែន បានបាត់បង់ដ៏ក្រាស់ក្រែលទាំងជីវិតទាហាននិងសម្ភារៈសឹកអស់ជាច្រើនគួរឱ្យកត់សម្គាល់។

ខណៈដែលអ៊ុយក្រែនត្រៀមយុទ្ធនាការវាយបកបន្តទៀតនោះ ចំណោទ នៃក្តីបារម្ភភាពរអាក់រអួលជំនួយស្រាប់តែបានកើតឡើង គ្រាដែលពិភពលោកបានងាកការ ចាប់អារម្មណ៍របស់ខ្លួនទៅការផ្ទុះសង្គ្រាមមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងតំបន់មជ្ឈិមបូព៌ា។ សង្គ្រាមថ្មីនៅទីនោះ បានធ្វើឱ្យការចាប់អារម្មណ៍លើបញ្ហាអ៊ុយក្រែន កាន់តែធ្លាក់ចុះទន្ទឹមនឹងលទ្ធផលលើសមរភូមិមិនអាចមានភាពជឿនលឿនបានទៅមុខតាមគំរោងឡើយ។ នាពេលនេះក្តីបារម្ភនឹងការវាយប្រហារសាជាថ្មីរបស់រុស្ស៊ីក្នុងរដូវត្រជាក់បានកើតឡើងសាថ្មី នៅចំពេលដែលអ៊ុយក្រែនកំពុងត្រូវការអាវុធជាបន្ថែមទៀតដើម្បី ទប់ទល់នឹងសត្រូវរបស់ខ្លួន។

លោកហ្សេឡិនស្គី បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែល រំពឹងថាជាដំណើរដ៏មានសារៈសំខាន់បំផុតមួយ ដើម្បីនិយាយបន្ទន់ចិត្តបណ្តាមេដឹកនាំសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយយោធាជាបន្តមកអ៊ុយក្រែនសាជាថ្មី។
លោក Zelenskyy បានប្រាប់ NBC News ការជួបរបស់លោកជាមួយប្រធានាធិបតី Joe Biden គឺជាការជួបដ៏វិជ្ជមានមួយ។ ហើយនៅពេលដែលមានការសាកសួរថា តើគាត់ជឿថាអ៊ុយក្រែននឹងឈ្នះសង្រ្គាមឬក៏អត់ លោកហ្សេឡិនស្គីបាននិយាយភាពថា «ពិតណាស់ Yes, of course!»
លោកZelenskyy បានជួបជាមួយសមាជិកព្រឹទ្ធសភានៅក្នុងកិច្ចប្រជុំបិទទ្វារមួយនៅវិមាន Capitol Hill និងនៅទីនោះដែរ លោកបានជួបជាមួយប្រធានសភាតំណាងរាស្ត្រ លោក Mike Johnson ដោយប្រធានសភាតំណាងរាស្ត្រអាមេរិកនោះបាននិយាយថា វាជាជំនួបមួយដ៏ល្អ និងថែមទាំងបញ្ជាក់ថា លោកនឹងឈរជាមួយលោក Zelensky "ប្រឆាំងនឹងការឈ្លានពាន ដ៏ឃោរឃៅរបស់លោកពូទីន" ថែមទៀត។

ទោះជាយ៉ាងណាក្តី លោក Mike Johnson នៅបានថ្លែងបង្ហាញក្តីបារម្ភជុំវិញសមត្ថភាពរបស់ អ៊ុយក្រែនលើការយកឈ្នះលើមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន។
លោក Mike Johnson បន្ទាប់ពីបានជួបលោកហ្សេឡិនស្គីរួចបាននិយាយថា «យើងត្រូវការការ បញ្ជាក់ច្បាស់លាស់នៃយុទ្ធសាស្រ្តដើម្បីឱ្យអ៊ុយក្រែនឈ្នះសង្គ្រាម»។ លោកបញ្ជាក់ថា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ការ​ឆ្លើយ​តប​របស់​អ៊ុយក្រែននៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយទេ។

ខណៈដែលការជួបគ្នារវាងមេដឹកនាំអ៊ុយក្រែនជាមួយនឹងប្រធានសភាតំណាងរាស្ត្រអាមេរិក បានបង្ហាញនូវលក្ខណៈល្អយ៉ាងនេះ ក៏មានសំណួរមួយរបស់អ្នកសារព័ត៌មានទៅលោក Mike Johnson វិញភ្លាម ក្នុងការចង់ដឹងថា តើសភាកុងហ្គ្រេសនឹងផ្តល់ថវិកាជួយដល់អ៊ុយក្រែនដែរ ឬទេ? ប្រធានសភាតំណាងរាស្ត្រលោកលោក Mike Johnson បានឆ្លើយតបមកវិញថា បើសិនជាគេនឹងយល់ព្រមចំពោះយើងរឿងបញ្ហាព្រំដែន។ នេះជាចម្លើយមួយដែលមិនទាន់បានបង្ហាញនូវភាពវិជ្ជមាននៃការយល់ព្រមរបស់សភាកុង ហ្គ្រេសអាមេរិកដែលមានអំណាចជំទាស់លើការផ្តល់ជំនួយនេះឡើយ។

គណបក្សសាធារណរដ្ឋបានដាក់លក្ខខណ្ឌនៃកញ្ចប់ជំនួយដែលស្នើដោយ លោក ចូ បៃដិន ជា មួយនឹងគោលនយោបាយព្រំដែនដែលគណបក្សប្រជាធិបតេយ្យមិនព្រមធ្វើសម្បទានឱ្យឡើយ។ គណបក្សសាធារណរដ្ឋថែមទាំងបានដាក់សំណួរដល់​​សេតវិមានផ្តល់លំអិតនូវព័ត៌មាន​អំពី​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម និង​ការចង់ដឹងថាតើអ៊ុយក្រែនអាចឈ្នះលើរុស្ស៊ីដោយរបៀបណា?
មេដឹកនាំភាគច្រើនរបស់ព្រឹទ្ធសភា គឺលោក Chuck Schumer បានហៅកិច្ចប្រជុំកាលពីថ្ងៃអង្គារជាមួយនឹងលោក Zelenskyy ថា មាន «ភាពខ្លាំងក្លាណាស់» ។ លោកថ្លែងថា ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា គាត់ត្រូវការជំនួយ «ជាបន្ទាន់» ហើយថាការដែលឱ្យលោក ពូទីន ឈ្នះសង្គ្រាមនោះ វាជា «គ្រោះថ្នាក់ណាស់» សម្រាប់សហរដ្ឋអាមេរិក។
ព្រឹទ្ធសមាជិក JD Vance នៃគណបក្សសាធារណរដ្ឋ បានថ្លែងថា « ខ្ញុំមិនគិតថាវាបានផ្លាស់ប្តូរ ធាតុដើមនៃកិច្ចសន្ទនាក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោននេះឡើយ»។ JD Vance បានតវ៉ាថាផលប្រ យោជន៍ដ៏ល្អបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនគឺការប្រគល់ដីខ្លះរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាម។

ក្នុងជំនួបថ្ងៃអង្គារ៍នោះ, សមាជិកព្រឹទ្ធសភាជាច្រើនរូបមកពីគណបក្សសាធារណរដ្ឋ បានលើក ឡើងការចរចាស្តីពីសន្តិសុខព្រំដែនជាមួយលោក Zelensky ផងទៀត។
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតពីគណបក្សសាធារណរដ្ឋ គឺលោក Mike Rounds បាន និយាយថាលោក Zelenskyបានធ្វើ «ការងារដ៏ល្អមួយនៃការមិនលូកដៃចូលរួមពាក់ព័ន្ធក្នុងកិច្ចពិភាក្សាលើបញ្ហាសន្តិសុខព្រំដែនឡើយ»។
ដំណើរទស្សនកិច្ចរបស់ លោក ហ្សេឡិនស្គី ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនក្នុងពេលនេះ គឺជាលើកទីបី ហើយចាប់តាំងពីមានសង្គ្រាមកើតឡើងថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២នោះមក។ ក្នុងដំណើរទស្ស​ន កិច្ចខែកញ្ញាឆ្នាំ២០២៣ដែលជាដំណើរលើកទី២នោះ, លោកហ្សេឡិនស្គីបានទទួលកញ្ចប់ជំ នួយពីរដ្ឋបាលលោក ចូ បៃដិន ចំនួន៣២៥ លានដុល្លារ និងការសន្យាក្នុងពេលនោះថានឹងបន្តជួយថែមទៀតដល់អ៊ុយក្រែន។

ចំណែកកញ្ចប់ជំនួយ២០០លានដុល្លារសម្រាប់រដ្ឋាភិបាល ក្រុងគៀវក្នុងដំណើរទស្សនកិច្ចលើកទី៣នេះ លោកចូបៃដិន បានបញ្ជាក់បង្ហាញថាជំនួយនាពេលនេះ ជាជំនួយចុងក្រោយហើយ ខណៈដែលភាពចំរូងចំរាស់នៃបញ្ហាសន្តិសុខព្រំដែនជាតិមិនបាន ធ្វើសម្បទានពីគណបក្សប្រជាធិបតេយ្យដែលកាន់អំណាចនោះឡើយ។

មន្ត្រីសេតវិមានបាននិយាយបញ្ជាក់ច្បាស់លាស់រួចមកហើយថា ប្រសិនបើគ្មានសកម្មភាព ជួយអនុម័តពីសភាកុងហ្គ្រេសទេ គឺនៅចុងឆ្នាំនេះ គេនឹងអស់ធនធានក្នុងការទិញសព្វាវុធ និងឧបករណ៍បន្ថែមទៀតសម្រាប់អ៊ុយក្រែនទៀតហើយ។ មន្ត្រីសេតវិមានលោកស្រី Shalanda Young បានថ្លែងតាមរយៈលិខិតមួយក្នុងថ្ងៃទី៤ធ្នូទៅកាន់មេដឹកនាំសភាក្នុងវិមាន Capitol Hill ថា គេមិនមានថូរទិព្វជប់លុយឱ្យចេញដើម្បីជួយអ៊ុយក្រែនបាននាពេលនេះទេ។ យើងអស់លុយហើយ និងយើងកាន់តែអស់ពេលថែមទៀត។

ព្រឹទ្ធសមាជិក James Lankford នៃគណបក្សសាធារណរដ្ឋដែលជាអ្នកនាំមុខការចរចារបស់ គណបក្សសាធារណរដ្ឋលើកញ្ចប់ជំនួយនោះ បានថ្លែងកាលពីថ្ងៃចន្ទថា គេមិនមានវិធីណា ដើម្បីជួយឱ្យកញ្ចប់ថវិកាស្នើនោះ ត្រូវបានអនុម័តក្នុងសប្តាហ៍នេះឡើយ។ លោកថា គេបានឮបញ្ហាសន្តិសុខជាតិផ្សេងៗដែលជាការរំលឹក ដល់កត្តាសន្តិសុខជាតិអាមេរិកផងដែរ។ លោកបានថ្លែងថានៅពេលដែលគេនិយាយពាក់ព័ន្ធដល់សន្តិសុខអ៊ុយក្រែន, សន្តិសុខអ៊ីស្រាអែល, សន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, យើងក៏ត្រូវនិយាយអំពីបញ្ហាសន្តិសុខរបស់ព្រំដែនប្រទេសយើងផងដែរ។ យើងត្រូវ តែដោះស្រាយលើបញ្ហាសន្តិសុខនៃព្រំដែនរបស់យើងនេះ។
មេដឹកនាំអ៊ុយក្រែន លោក Zelenskyy ក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យការពារជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ បានប្រើសម្តីវាយបកចំពោះការប្រឆាំងណាដែលមិនព្រម ផ្តល់ជំនួយជាបន្ថែមមកកាន់រដ្ឋាភិបាលក្រុងគៀវ ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្សី។
លោក ហ្សេឡិនស្គី បាននិយាយនៅមុនកិច្ចប្រជុំសភាក្នុងវិមាន Capitol Hill ថា គឺមានតែ លោក ពូទីន និងក្រុមរបស់គាត់តែប៉ុណ្ណោះ ដែលនឹងមិនដោះស្រាយលើបញ្ហាជំនួយដល់អ៊ុយក្រែន។ លោក ហ្សេឡិនស្គី បន្តថា ពួកលោកពូទីន នឹងឃើញសុបិន្តរបស់គេនឹងក្លាយជា ការពិត នៅពេលដែលមានការពន្យាពេលផ្តល់អាវុធ និងមានរឿងអាស្រូវកើតឡើង៕