(សេអ៊ូល)៖ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខប្រើសម្តីព្រមានធ្ងន់ៗដាក់កូរ៉េខាងជើង ប្រសិនបើប្រទេសជិតខាងខ្លួនមួយនេះ ហ៊ានធ្វើសកម្មភាពគ្មានការគិតគូរវែងឆ្ងាយណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ការប្រើវោហាសាស្រ្តធ្ងន់ៗពីសំណាក់ទីក្រុងសេអ៊ូលធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសកាលពីខែមុន អំពីការសម្រេចដកខ្លួនចេញពី​កិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ មុនកូរ៉េខាងជើងសម្រេចយ៉ាងដូច្នោះ គឺកូរ៉េខាងត្បូងបានប្រកាសផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងនោះ ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្ម របស់ទីក្រុងព្យុងយ៉ាង។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា «កូរ៉េខាងជើងមានជម្រើសតែ២គត់ គឺសន្តិសុខនិងការខ្ទេចខ្ទីហិនហោច។ បើកូរ៉េខាងជើងហ៊ានធ្វើសកម្មភាពគ្មានការគិតគូរពិចារណាវែងឆ្ងាយ ដែលប៉ះពាល់ដល់សុខសន្តិភាព នោះមានតែការខ្ទេចខ្ទីយ៉ាងខ្លាំងក្លាធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលនឹងនៅរង់ចាំពួកគេ»

គួរបញ្ជាក់ថា សង្រ្គាមឆ្នាំ១៩៥០-៥៣ រវាងប្រទេសកូរ៉េទាំងពីរបានបញ្ចប់ទៅ ត្រឹមតែតាមរយៈបទឈប់បាញ់ប៉ុណ្ណោះ ដោយមិនមានសន្ធិសញ្ញាសន្តិភាពជាផ្លូវការឡើយ ពោលបើតាមបច្ចេកទេស គឺកូរ៉េខាងត្បូងនិងកូរ៉េខាងជើង នៅបន្តស្ថិតក្នុងស្ថានភាពសង្រ្គាម​ជាមួយគ្នា មកទល់បច្ចុប្បន្ន។ ទីក្រុងព្យុងយ៉ាង ធ្លាប់បានអះអាងការពារ ការអភិវឌ្ឍមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនថា ជាការអនុវត្តសិទ្ធិអធិបតេយ្យ ដែលចាំបាច់ដើម្បីទប់ទល់ ការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន៕

រូបភាពពីក្រសួងការពារជាតិកូរ៉េខាងត្បូង