(ណៃពិដោ)៖ នៅថ្ងៃពុធនេះ សម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចនៅប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ដើម្បីយកជ័យជម្នះលើ «របបផ្តាច់ការ» នៃប្រទេសអាស៊ានមួយនេះ ខណៈប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលយោធាទើបតែអះអាងថា ខ្លួនបានបើក​កិច្ចចរចាក្រោមការសម្រុះសម្រួលរបស់ចិន ជាមួយក្រុមឧទ្ទាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាបានកើនឡើងខ្លាំង ក្នុងអំលុងពេល៦សប្តាហ៍ចុងក្រោយនេះ នៅមីយ៉ាន់ម៉ា ចាប់តាំងពីសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធខាងលើ ហៅថា Three Brotherhood Alliance បានរួមដៃគ្នាបើកការវាយឆ្មក់ទ្រង់ទ្រាយធំលើកងកម្លាំងនៃរបបយោធា នៅឯតំបន់ព្រំប្រទល់​ភាគខាងជើងជាប់នឹងប្រទេសចិន។ ការប្រយុទ្ធគ្នាផ្ទុះខ្លាំងនៅរដ្ឋ Shan ភាគខាងជើង ប៉ុន្តែទន្ទឹមគ្នាវាក៏បានរីករាលដាលដល់ភាគខាងលិចនិងខាងកើតប្រទេសផងដែរ ហើយបង្ខំឱ្យមនុស្សរាប់សែននាក់ ត្រូវរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម X (Twitter) នាថ្ងៃពុធនេះ សម្ព័ន្ធភាព Three Brotherhood Alliance បាននិយាយថា «ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ត្រូវសម្រេចបាន ប៉ុន្តែការសម្រេចឱ្យបានគោលដៅពេញលេញ គឺត្រូវការពេលវេលាបន្ថែម និងការប្រឹងប្រែងបន្តទៅមុខឥតឈប់ឈរ។ ការតាំងចិត្តប្តេជ្ញារបស់យើង គឺនៅរឹងមាំដដែលជាមួយប្រជាជនមីយ៉ាន់ម៉ាទាំងអស់»។ សម្ព័ន្ធភាពចលនាប្រដាប់អាវុធនេះ មិនបានលើកឡើងអំពីកិច្ចចរចាឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ របបសឹកមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនបានជួបចរចាជាមួយក្រុមឧទ្ទាម ព្រមទាំងភាគីដទៃទៀត ខណៈកិច្ចពិភាក្សាជុំបន្ទាប់ ត្រូវបានគ្រោងធ្វើឡើងនៅចុងខែធ្នូនេះ ប៉ុន្តែមិនមានការផ្តល់ខ្លឹមសារលម្អិតបន្ថែមនោះទេ។ ចំណែកឯខាងចិន បាននិយាយថា ខ្លួនត្រេកអរដែលមើលឃើញ ភាគីជម្លោះនៅមីយ៉ាន់ម៉ាជួបចរចាគ្នា ហើយស្ម័គ្រចិត្តផ្តល់ការគាំទ្របន្ថែមទៀត៕

រូបភាពពី Reuters