(ប៉េកាំង)៖ “ប្រទេសចិនធ្វើការបានល្អក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ចិនបានដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។” ក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ》លើកទី២៨ (COP28)ដែលបើកធ្វើនៅទីក្រុងឌូបៃ លោក Abdulla Ahmed Al Mandous ប្រធានអង្គការឧតុនិយពិភពលោក បានវាយតម្លៃដូចពោលខាងលើ។ ជានិច្ចកាល ប្រទេសចិនតែងតែដើរតួអង្គ៥យ៉ាង ក្នុងការជំរុញអភិបាលកិច្ចអាកាសធាតុសកលយ៉ាងសកម្ម កិច្ចខិតខំប្រឹងប្រែងរបស់ចិនទទួលបានការទទួលស្គាល់ពីបណ្តាភាគីនានា ដែលបានបំពេញបន្ថែមថាមពលវិជ្ជមានដល់ COP២៨។

តួអង្គទី១៖ សមាជិកដ៏សំខាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ

តាមទិន្នន័យរបស់ធនាគារពិភពលោកឱ្យដឹងថា នៅឆ្នាំ២០២២ ប្រាក់ចំណូលសរុបនៃប្រជាជនចិនគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗគឺ១២៨៥០ដុល្លារអាមេរិក។ បើគិតតាមសន្ទស្សន៍អន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅអំពីប្រទេសចំណូលខ្ពស់ ពោលគឺប្រាក់ចំណូលសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗលើសពី១៣៨៤៥ដុលារអាមេរិក និងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់ អង្គការសហប្រជាជាតិលើសពី០,៨ជាដើម សន្ទស្សន៍របស់ចិនសុទ្ធតែមិនទាន់លើសពីខ្សែបន្ទាត់មូលដ្ឋាន របស់ប្រទេសចំណូលខ្ពស់នៅឡើយ។ ដូច្នេះ តួអង្គរបស់ប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ គឺជាការពិតជាក់ស្តែងដែលមិនអាចប្រកែកបាន។

តួអង្គទី២៖ តួអង្គសេដ្ឋកិច្ចងើបឡើងថ្មីដែលមានទំនួលខុសត្រូវ មិនដែលកែប្រែក្នុងប្រវត្តិសាស្ត្រ

មិនថាបរិមាណបញ្ចេញកាបូនក្នុងប្រវតិ្តសាស្ត្រ ឬក៏ការបញ្ចេញកាបូនសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ ទិន្នន័យរបស់ចិនសុទ្ធតែទាបជាងប្រទេសអភិវឌ្ឍន៍សំខាន់ៗយ៉ាងច្រើន។ ទំនួលខុសត្រូវក្នុងប្រវត្តិសាស្ត្ររបស់ចិនមិនដែលកែប្រែទេ ចិនកំពុងព្យាយាមឆ្លើយតបនឹងការប្រឈម ដែលនាំមកដោយបម្រែប្រួលអាកាសធាតុ។

តួអង្គទី៣៖ អ្នករួមចំណែកក្នុងការអភិវឌ្ឍបែបលោតផ្លោះ នៃការធ្វើបរិវត្តកម្មថាមពល

ក្នុងរយៈពេលយូរ ប្រទេសចិនបានផ្តោតសំខាន់ទៅលើការជំរុញការអភិវឌ្ឍ និងប្រើប្រាស់ដោយទ្រង់ទ្រាយធំនូវថាមពលមិនមែនហ្វូស៊ីល បន្តធ្វើឱ្យរចនាសម័្ពន្ធថាមពលមានសុក្រឹតភាព។ ក្រៅពីនេះ ប្រទេសចិនបានពង្រីកថែមមួយកម្រិតទៀត នូវកម្រិតច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យថាមពលអាចកកើតឡើងវិញកាត់បន្ថយដើមទុន។ ប្រទេសចិនផ្គត់ផ្គង់បរិក្ខារផលិតអគ្គិសនីខ្យល់ និងអគ្គិសនីថាមពលប្រព័ន្ធ PV នៅលើពិភពលោកចំនួន៥០ភាគរយ និង៨០ភាគរយដោយឡែកពីគ្នា ដែលបានចាក់គ្រឹះដ៏រឹងមាំ ដើម្បីធ្វើការរៀបចំចាត់ចែង ចំពោះថាមពលអាចកកើតឡើងវិញដោយទ្រង់ទ្រាយធំ ក៏ដូចជាបានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងការជំរុញការធ្វើបរិវត្តកម្មថាមពលបៃតង និងកាបូនទាបនៅលើពិភពលោកទាំងមូល។

តួអង្គទី៤៖ អ្នកប្រតិបតិ្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា រវាងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន

ចាប់ពីឆ្នាំ២០១៣រហូតដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបាន នូវកំណើនប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំៗ ចំនួន៣ភាគរយ ហើយនេះបានផ្តល់ការទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងមួយឆ្នាំៗ ចំនួន៦,២ភាគរយ ដែលបានជំរុញការធ្វើបរិវត្តកម្មថាមពលបៃតង និងកាបូនទាបដោយគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយឈរលើមូលដ្ឋាន នៃការធានាសន្តិសុខផ្នែកថាមពល ស្បៀងអាហារ អាកាសធាតុនិងបរិស្ថាន៕

តួអង្គទី៥៖ អ្នកប្រតិបតិ្តជាក់ស្តែងក្នុងការជំរុញដំណើរពហុភាគី នៃអភិបាលកិច្ចអាកាសធាតុសកល

ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រទេសចិននិងបណ្តាភាគីនានា ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ជាដើម បានបង្កើនកិច្ចសន្ទនាអំពីការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ ក្នុងន័យរួមគ្នាស្វែងរកផលប្រយោជន៍រួម។ ព្រមពេលជាមួយគ្នានេះ ក៏បានជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយលក្ខណៈស្ថាបនា ជំរុញឱ្យបណ្តាប្រទេសនានាចែករំលែកបទពិសោធ និងផ្លាស់ប្តូរការអនុវត្តជាក់ស្តែងល្អបំផុត ក្នុងន័យដោះស្រាយបញ្ហាពិបាក ក្នុងកិច្ចចរចាអំពីអាកាសធាតុសកល ជំរុញការឈានដល់មតិឯកភាពរួម ដែលប្រកបដោយលក្ខណៈបរិយាប័ន្ន តម្លាភាពនិងភាពប្រាកដប្រជាថែមទៀត ក៏ដូចជាជំរុញដំណើរអភិបាលកិច្ចអាកាសធាតុពហុភាគី ឱ្យទទួលបានការរីកចម្រើនយ៉ាងសកម្ម។

COP២៨ គឺជាវេទិកាមួយរបស់មនុស្សជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ ប្រទេសចិនបាននិងកំពុងដើរតួនាទី មានលក្ខណៈស្ថាបនា ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាតជាមួយបណ្តាភាគីនានា៕

វិទ្យុមិត្តភាពកម្ពុជាចិន