(ប៉េកាំង)៖ កិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។

ក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបដោយគ្រប់ជ្រុងជ្រោយ នូវការងារសេដ្ឋកិច្ចឆ្នាំ២០២៣ ធ្វើការវិភាគយ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយបានរៀបចំចាត់ចែងជាប្រព័ន្ធ នូវការងារសេដ្ឋកិច្ចឆ្នាំ២០២៤។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំក្រោយត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវផ្តោតសំខាន់ទៅលើការងារសំខាន់ៗ ក្តាប់ជាប់ចំណុចគន្លឹះ និងធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អនិងប្រាកដប្រជា។ ប្រកាន់ខ្ជាប់យកការច្នៃប្រឌិតថ្មីទៅជំរុញកិច្ចកសាង ប្រព័ន្ធឧស្សាហកម្មទំនើប ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ធ្វើឱ្យកំណែទម្រង់លើវិស័យសំខាន់ៗមានភាពកាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយប្រកបដោយគុណភាពខ្ពស់ បង្ការនិងដោះស្រាយហានិភ័យក្នុងវិស័យសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ប្រកាន់ខ្ជាប់ការអនុវត្តការងារពាក់ព័ន្ធនឹងកសិករ កសិកម្មនិងជនបទឱ្យបានល្អ ជំរុញភាពស៊ីសង្វាក់គ្នារវាងទីក្រុងនិងជនបទ និងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃតំបន់នានា ជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី និងការអភិវឌ្ឍបៃតងនិងកាបូនទាប ធានាយ៉ាងជាក់លាក់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន