(បាងកក)៖ មេដឹកនាំគណបក្ស Move Forward នៅប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចផ្តន្ទាទោសលើ សមាជិកសភាម្នាក់មកពីបក្សរបស់ខ្លួន ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៦ឆ្នាំ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ និងបទល្មើសផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។
មេដឹកនាំគណបក្ស Move Forward លោក Chaithawat Tulathon បានប្រាប់ AFP ថា សមាជិកសភាខាងលើ គឺអ្នកនាង Rakchanok Srinork ត្រូវតុលាការរកឃើញថា មានទោសពីបទប្រមាថព្រះមហាក្សត្រ និងបំពានច្បាប់ប្រឆាំងឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយសារការបង្ហោះសារចំនួន២ នៅលើបណ្តាញសង្គម X (Twitter)។ បើតាមលោក Chaithawat អ្នកនាង Rakchanok ត្រូវបានកាត់ទោសជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ និង៣ឆ្នាំទៀត ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។
គួរបញ្ជាក់ថា សមាជិកសភាថៃវ័យ២៩ឆ្នាំរូបនេះ បានដាក់សំណើសុំនៅក្រៅឃុំ និងផ្តល់ប្រាក់ចំនួន៣០០,០០០បាត ស្មើនឹង៨,៥០០ដុល្លារ ធ្វើជាការធានា។ តុលាការត្រូវគេរំពឹងថា នឹងធ្វើការសម្រេចលើសំណើនោះ ក្នុងថ្ងៃពុធដដែលនេះ ប៉ុន្តែប្រសិនបើមិនទទួលជោគជ័យ អ្នកនាង Rakchanok នឹងត្រូវដកតំណែងជា តំណាងរាស្រ្តដោយស្វ័យប្រវត្តិ៕
រូបភាពពី Instagram