(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៉ីលជាលើកទី២ នៅក្នុងសប្តាហ៍នេះរបស់រុស្ស៉ីមកលើទីក្រុងកៀវ បានបង្កឱ្យមនុស្សយ៉ាងហោច៥៣នាក់ ទទួលរងរបួស ហើយធ្វើឱ្យខូចខាតអគារលំនៅឋាន និងមន្ទីរពេទ្យកុមារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់មីស៉ីលបាលិស្ទីគទាំង១០គ្រាប់ ដែលហោះមករករដ្ឋធានីកៀវ កាលពីវេលាម៉ោង៣ទាបភ្លឺ។ ទោះជាបែបនេះក្តី បំបែកគ្រាប់មីស៉ីលទាំងនោះ បានបង្កឱ្យមានមនុស្សរងរបួស និងការបំផ្លិចបំផ្លាញមួយចំនួន នៅក្នុងសង្កាត់ចំនួន៤ នៃទីក្រុងកៀវ។ អគារសរុប៣៥ខ្នង រួមទាំងមន្ទីរពេទ្យកុមារមួយកន្លែង បានរងការខូចខាត ខណៈមនុស្ស៥៣នាក់ បានរងរបួស រួមមានទាំងកុមារ៦នាក់។

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន មីស៉ីលបាលិស្ទីគដែលបាញ់មកទាំងនោះ គឺជាមីស៉ីលប្រភេទ Iskander-M និងប្រភេទ S-400។ រីឯកាលពីថ្ងៃចន្ទ រុស្ស៉ីក៏បានបាញ់មីស៉ីលបាលិស្ទីគ៨គ្រាប់ វាយប្រហារមកលើទីក្រុងកៀវផងដែរ ជាហេតុនាំឱ្យមនុស្ស៤នាក់រងរបួស។ ការវាយប្រហារទាំងនេះ កើតមានឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងស្ថិតនៅក្រៅប្រទេស ដើម្បីស្វែងរកជំនួយបន្ថែម។ នាថ្ងៃពុធនេះ លោក ហ្សេលេនស្គី បានទៅដល់ទីក្រុងអូស្លូនៃប្រទេសន័រវែស ក្រោយទើបត្រឡប់មកពីបំពេញទស្សនកិច្ចនៅអាមេរិក៕

រូបភាពពី Reuters