(ហាណូយ)៖ នៅថ្ងៃពុធនេះ មេដឹកនាំចិននិងវៀតណាម បានសាទរការសម្រេចចិត្តជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងចំណងទាក់ទងរវាងគ្នា ព្រមទាំងក្នុងការក្លាយជាផ្នែកនៃសហគមន៍រួមវាសនា ស្របពេលដែលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្នុងប្រទេសអាស៊ាន​មួយនេះ បានឈានចូលថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

អំលុងទស្សនកិច្ចខាងលើ ដែលជាលើកទី១ របស់លោក ស៉ី ក្នុងរយៈពេល៦ឆ្នាំ ប្រទេសជិតខាងទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ សរុបចំនួនប្រមាណ៣៧ផងដែរ រួមមានពាក់ព័ន្ធទំនាក់ទំនងការទូត សន្តិសុខ គម្រោងផ្លូវដែក ទូរគមនាគមន៍ និងទិន្នន័យឌីជីថល ជាដើម។ លោកប្រធានាធិបតីចិន បានប្រាប់ប្រធានសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបនាថ្ងៃពុធនេះថា ភាគីទាំងពីរបានប្រកាសពី ការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដើម្បីលើកកម្ពស់ការដំឡើងកម្រិត​ទំនាក់ទនងចិន-វៀតណាម។ រីឯក្នុងជំនួបជាមួយលោក ស៉ី នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានហៅការសម្រេចចិត្តនោះ ថាជាសមិទ្ធិផលមួយដ៏សំខាន់ជាប្រវត្តិសាស្រ្ត ហើយលោកបានបន្ថែមថា ការក្លាយជាផ្នែកនៃសហគមន៍រួមវាសនា គឺជាជម្រើសយុទ្ធសាស្រ្តមួយ។ លោក ស៉ី ក៏បានជួបប្រធានាធិបតីវៀតណាម លោក Vo Van Thuong ផងដែរ មុនពេលត្រូវចាកចេញពី​រដ្ឋធានីហាណូយវិញ នារសៀលថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ស្របពេលដែលចិននិងសហរដ្ឋអាមេរិក កំពុងព្យាយាមប្រជែងឥទ្ធិពលនៅវៀតណាម ការចុះកិច្ចព្រមព្រៀងជាច្រើនខាងលើ បង្ហាញពីភាពជោគជ័យមួយ នៃការទូតរបស់ប្រទេសអាស៊ានមួយនេះ ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា ការប្រកាសពង្រឹងទំនាក់ទំនងនោះ អាចត្រឹមតែជានិមិត្តរូបប៉ុណ្ណោះ ជាជាងពិតជាក់ស្តែង។ ជាច្រើនខែមកនេះ ទីក្រុងប៉េកាំង បានព្យាយាមជាខ្លាំងដើម្បីជំរុញឱ្យមានការដំឡើងទំនាក់ទំនង ជាពិសេសបន្ទាប់ពីវៀតណាម បានដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្មើប្រទេសចិន។ ការបំពេញទស្សនកិច្ចរបស់លោក ស៉ី ជីនពីង មកកាន់វៀតណាម ដែលជាទស្សនកិច្ចក្រៅប្រទេសលើកទី៤ របស់លោកនៅក្នុងឆ្នាំនេះ បន្ទាប់ពីរុស្ស៉ី អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារសំខាន់ដែលរូបលោក ផ្តល់លើប្រទេសវៀតណាម៕

រូបភាពពី AFP