(ហ្សឺណែវ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian កាលពីថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាអ៉ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចកម្ទេចក្រុមហាម៉ាសបាននោះទេ ហើយថាអ៉ីស្រាអែលអាចរំដោះចំណាប់ខ្មាំងបានតាមរយៈដំណោះស្រាយ នយោបាយតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយនៅឯអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក Amirabdollahian បានចាត់ទុកក្រុមហាម៉ាសជាចលនាតស៊ូ ដើម្បីសេរីភាព។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះដែលបានថ្លែងនៅឯជំនួបជាមួយសមភាគីរបស់លោក មកពីបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក៏បានសង្កត់ធ្ងន់ដែរថារដ្ឋមន្ត្រីការបរទេសទាំងអស់បានឯកភាពគ្នាថាការទម្លាក់គ្រាប់បែក និងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍របស់ អ៉ីស្រាអែលត្រូវតែបញ្ឈប់ជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីន ១៨,៤១២នាក់ ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ៕

រូបភាពពី​ Reuters