(វ៉ាស៊ីនតោន)៖ របាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថាសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យកងទ័ពរុស្ស៉ី ៣១៥,០០០នាក់ស្លាប់ និងរងរបួស ហើយតួលេខនេះស្មើនឹងជិត ៩០ភាគរយនៃកងទ័ពដែលរុស្ស៉ីបានបញ្ជូនឱ្យទៅធ្វើសង្រ្គាម។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍ខាងលើដដែល ក៏បានវាយតម្លៃដែរថាការខាតបង់ទាំងកងទ័ព និងសព្វាវុធ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនអាចនឹងធ្វើឱ្យរុស្ស៉ីត្រូវ ចំណាយពេលដល់ទៅ១៨ឆ្នាំ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនឡើងវិញ។ ជុំវិញរបាយការណ៍នេះដែរ ស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក បានរុញឱ្យទៅសួរក្រសួងការពារជាតិរុស្ស៉ី តែក្រសួងមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ធ្លាប់បានវាយតម្លៃថារុស្ស៉ីបានចាប់ផ្ដើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់កងទ័ព ៣៦០,០០០នាក់ ហើយទើបមកទល់នឹងពេលនេះរបាយការណ៍ខាងលើបានរកឃើញថាកងទ័ពរុស្ស៉ី ៣១៥,០០០នាក់បានស្លាប់ និងរងរបួស ឬស្មើនឹង៨៧ភាគរយនៃកងទ័ព មុនបញ្ជូនទៅធ្វើសង្រ្គាម។ ប៉ុន្តែកន្លងមក ក្រុមមន្ត្រីរុស្ស៉ីបានចោទ ថាការវាយតម្លៃរបស់សហរដ្ឋអាមេរិកគឺជាការបំប៉ោងតួលេខ៕

រូបភាពពី Reuters