(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ បានឱ្យដឹងថាពួកគេបានរឹបអូសថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (methamphetamine) ៥០លានគ្រាប់ នៅក្បែរ ព្រំដែនរបស់ថៃជាប់ជាមួយមីយ៉ាន់ម៉ា ហើយនេះជាកំណត់ត្រារឹបអូសថ្នាំញៀនប្រភេទនេះបំបែកកំណត់ត្រាថ្មីមួយក្នុងប្រទេសថៃ និងធំបំផុតទី២ នៅក្នុងតំបន់ អាស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

តាមប៉ូលិសថៃ ថ្នាំញៀនមេតំហ្វេតាមីនខាងលើត្រូវបានលាក់នៅក្នុងកាបូបធំមួយនៅលើរថយន្ដមួយគ្រឿង ដែលត្រូវបានស្ទាក់ចាប់ដោយប៉ូលិស និងទាហានថៃ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងស្ថិតនៅក្នុងខេត្ត Kanchanaburi ភាគខាងលិចនៃប្រទេសថៃ។ ប៉ូលិសថៃបន្ថែមថាបុរសម្នាក់ និងស្ត្រីម្នាក់ជិះនៅក្នុងរថយន្ដត្រូវបានឃាត់ខ្លួនផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Jeremy Douglas ជាតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទំហំ ថ្នាំញៀនមេតំហ្វេតាមីនដែលអាជ្ញាធរបានរឹបអូស គឺជាការរឹបអូសថ្នាំញៀនប្រភេទនេះធំទី២ ក្នុងតំបន់អាស៊ី បន្ទាប់ពីថ្នាំញៀនមេតំហ្វេតាមីន ៥៥លានគ្រាប់ ត្រូវបានរឹបអូស ក្នុងប្រទេសឡាវ ក្បែរតំបន់ត្រីកោណមាសកាលពីឆ្នាំ២០២១។ លោក Douglas បានសង្កត់ធ្ងន់ដែរថាជម្លោះ និងភាពចលាចលក្នុងប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១មក បានផ្ដល់ឱកាស និងអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពង្រីកបណ្ដាញ និងប្រតិបត្តិការរត់ពន្ធគ្រឿងញៀន របស់ពួកគេ៕

រូបភាពពី Reuters