(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថាអ៉ីស្រាអែលកំពុងប្រឈមមុខនឹង ការបាត់បង់ការគាំទ្រពីអន្តរជាតិ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ដោយសារតែការទម្លាក់គ្រាប់មិនរើសមុខលើតំបន់ហ្កាហ្សា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយទៅកាន់ក្រុមអ្នកឧបត្ថម្ភសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត នៅឯព្រឹត្តិការណ៍មួយរៀបចំឡើង ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ លោក បៃដិន ក៏បាននិយាយដែរថាលោក Netanyahu ចាំបាច់ត្រូវតែកែប្រែគោលជំហររបស់លោកចំពោះដំណោះស្រាយរដ្ឋ២ សម្រាប់ប្រជាជន ប៉ាឡេស្ទីន។ លោក បៃដិន បន្ថែមទៀតថាអ៉ីស្រាអែល ទទួលបានការគាំទ្រភាគច្រើនពីពិភពលោក ក្រោយរងការវាយប្រហារពីក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែ ក្នុងពេលនេះ អ៉ីស្រាអែលកំពុងចាប់ផ្ដើមបាត់បង់ ការគាំទ្រដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ហ្កាហ្សា ដែលបើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១៨,៤០០នាក់។

តាមលោក ចូ បៃដិន សហរដ្ឋអាមេរិកគាំទ្រអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែសុវត្ថិភាពរបស់ជនស៊ី​វិលស្លូតត្រង់ ប៉ាឡេស្ទីន នៅតែជាកង្វល់មួយដ៏ធំ ហើយលោកក៏បានប្រកាសដែរថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាជាមួយគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា នៅម្ខាងការបង្ហាញឱ្យគេឃើញថាខ្លួនព្រួយបារម្ភពីសុវត្ថិភាពជនស៊ីវិលប៉ាឡេស្ទីន សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលបានបោះឆ្នោត ប្រឆាំងនឹងដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា របស់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីសុក្រសប្ដាហ៍មុន ហើយជាថ្មីម្ដងទៀត សហរដ្ឋអាមេរិក នៅតែបន្តបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយគាំទ្របទឈប់បាញ់របស់មហាសន្និបាត UN នៅថ្ងៃអង្គារសប្ដាហ៍នេះ៕

រូបភាពពី Reuters