(ញូវយ៉ក)៖ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក) បានបោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើនលើសលប់ លើដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងចំណោមសមាជិកសរុប ១៩៣ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ មានប្រទេសចំនួន១៥៣បានបោះឆ្នោតគាំទ្រឱ្យមានបទឈប់បាញ់ ហើយដែលសំឡេងនេះ គឺលើសសំឡេងគាំទ្រក្នុងការបោះឆ្នោតពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ដែលជាទូទៅប្រទេសចំនួន១៤០ បានបោះឆ្នោតគាំទ្រលើ ដំណោះស្រាយថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ចំណែក ប្រទេសចំនួន ១០ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយគាំទ្របទឈប់បាញ់នៅហ្កាហ្សា ខណៈ ២៣ប្រទេសផ្សេងទៀតបោះឆ្នោតអនុប្បវាទ។

គួរបញ្ជាក់ថា ផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដំណោះស្រាយអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិមិនមានលក្ខណៈចាប់បង្ខំ ឱ្យអនុវត្តតាមនោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់ពិភពលោក។ ម្យ៉ាងវិញទៀត ការបោះឆ្នោតនេះក៏បានបង្ហាញពីការកើនឡើងនៃភាព ឯកោរបស់សហរដ្ឋអាមេរិកផងដែរ ក្នុងសំណុំរឿងសង្រ្គាមនៅហ្កាហ្សា ដោយទីក្រុងវ៉ាស៊ីនតោនបន្តបដិសេធចូលរួមការអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីការពារអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន៕