(គែរ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន បានព្រមានកប៉ាល់ដឹកទំនិញទាំងអស់នៅក្នុងតំបន់សមុទ្រក្រហម ចៀសវាង ការធ្វើដំណើរឆ្ពោះទៅកាន់ដែនដីប៉ាឡេស្ទីន បន្ទាប់ពីចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះចេញមុខទទួលខុសត្រូវថាខ្លួនជាអ្នកវាយប្រហារលើ លើកប៉ាល់ដឹកប្រេងមួយគ្រឿងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ូទីបានអះអាងថាខ្លួនជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ន័រវែស ដោយប្រើមីស៊ីលមួយគ្រាប់ជាការបង្ហាញការប្រឆាំងរបស់ខ្លួន ចំពោះការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ស្របពេលមានការព្រមានកាន់តែច្រើនពីហានិភ័យនៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម​ X កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក មហាំម៉ាត់ អាលី អាល់ហ៊ូទី (Mohamed Ali al-Houthi) ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ូទី ក៏បានបញ្ជាក់ដែរថាបន្ថែមពីលើការចៀសវាងធ្វើដំណើរឆ្ពោះទៅកាន់ដែនដីប៉ាឡេស្ទីន កប៉ាល់ដឹកទំនិញទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសយេម៉ែន ត្រូវតែបើកវិទ្យុទាក់ទង និងឆ្លើយតបភ្លាមៗនឹងការទំនាក់ទំនងពីក្រុមហ៊ូទី។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ូទី ការវាយប្រហារលើកប៉ាល់ដឹកប្រេង STRINDA របស់ប្រទេសន័រវែស គឺដោយសារតែកប៉ាល់នេះមានគោលដៅដឹក ប្រេងឆៅទៅឱ្យអ៉ីស្រាអែល និងបន្ទាប់ពីអ្នកបើកកប៉ាល់នេះមិនអើពើចំពោះការព្រមានរបស់ខ្លួន៕

រូបភាពពី AFP