(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូនេះបានរាយការណ៍ថាយោធាអ៉ីស្រាអែលបានចាប់ផ្ដើមបូមទឹក សមុទ្រចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសក្នុងតំបន់ហា្កហ្សាហើយ បើទោះជាមានការព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងការរស់នៅរបស់ ប្រជាជនប៉ាឡេស្ទីនក៏ដោយ។

តាមរយៈការដកស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក Wall Street Journal បានឱ្យដឹងទៀតថាការបូមទឹកពីសមុទ្រមេឌីទែរ៉ាណេ ដើម្បីពន្លិចផ្លូវរូងក្រោមដី របស់ក្រុមហាម៉ាស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៉ីស្រាអែលក្នុងការកម្ទេចផ្លូវរូងក្រោមដី ហើយការបូមទឹកសមុទ្រនេះទៀតសោតគឺកំពុងស្ថិតក្នុង ដំណាក់កាលដំបូង។ តាមក្រុមមន្ត្រីអាមេរិក ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសអាចមានប្រវែងប្រហែល ៤៨៣គីឡូម៉ែត្រ និងជាគន្លឹះមួយដ៏សំខាន់នៃ ការធ្វើប្រតិបត្តិការរបស់ក្រុមហាម៉ាសនៅលើសមរភូមិសង្រ្គាមជាមួយអ៉ីស្រាអែល។

គួរបញ្ជាក់ថា Wall Street Journal បានរាយការណ៍ពីផែនការបូមទឹកសមុទ្រនេះកាលពីដើមខែធ្នូកន្លងទៅនេះ ហើយក្រោយការចេញផ្សាយនេះដែរ មានការរិះគន់ និងការព្រមានជាច្រើនថាផែនការនេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសទឹកស្អាតនៅក្រោមដី។ ក្រុមមន្ត្រីអាមេរិក ខ្លះក៏បានបង្ហាញការព្រួយបារម្ភដែរថាការប្រើប្រាស់ទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស អាចនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍ ក៏ដូចជា អាចនឹងមិនមានប្រសិទ្ធភាពទេ តែផ្ទុយទៅវិញវានឹងបំផ្លាញដល់ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់ហ្កាហ្សា៕