(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលនៅពាសពេញតំបន់ហ្កាហ្សា ក្រោយកងទ័ពអ៉ីស្រាអែលពង្រីកការវាយលុករបស់ខ្លួន ទៅកាន់ភាគខាងត្បូង។ ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះបានកើនលើស ១៨,២០០នាក់ ខណៈទាហានអ៉ីស្រាអែល ១០៤នាក់ ត្រូវបាន សម្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។

បន្ថែមពីលើនេះ ៨០ភាគរយនៃប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាសរុប ២.២លាននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់ជម្លោះ ដោយដំបូងត្រូវបង្ខំឱ្យ ជម្លៀសខ្លួនចេញពីភាគខាងជើង ទៅភាគខាងត្បូងហ្កាហ្សា ហើយឥលូវពួកគេមិនដឹងថាត្រូវរត់ទៅទីណាទៀតនោះទ ស្របពេលកងទ័ពអ៉ីស្រាអែលកំពុងបង្កើន ការវាយលុកលើភាគខាងត្បូង។ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាបាននិយាយថាជីវិតរបស់ពួកគេកំពុងប្រឈមមុខនឹងជម្រើសដ៏ឃោរឃៅ ថាតើត្រូវស្លាប់ ឬក៏ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ? ក្នុងបរិបទអនាគតប្រជាជនប៉ាឡេស្ទីនស្ថិតក្នុងភាពមិនច្បាស់លាស់ អនាគតតំបន់ហ្កាហ្សាវិញ ក៏នៅស្រពិចស្រពិលដូចគ្នាដែរ ថាតើតំបន់មួយនេះនឹងក្លាយទៅជាយ៉ាងណា ក្រោយសង្រ្គាមបញ្ចប់?

មានសេណារីយ៉ូជាច្រើនត្រូវបានលើកឡើងដោយក្រុមអ្នកជំនាញ ក្នុងនោះរួមមានសេរីយ៉ូមួយដែលអាជ្ញាប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់ West Bank អាចនឹងទទួលបន្ទុកគ្រប់គ្រងតំបន់ហ្កាហ្សា។ សេណារីយ៉ូមួយផ្សេងទៀត គឺបណ្ដាប្រទេសអារ៉ាប់ ឬប្រទេសអារ៉ាប់ណាមួយជាអ្នកទទួលខុសត្រូវផ្ដល់ជំនួយ ហិរញ្ញវត្ថុកសាងហ្កាហ្សាឡើងវិញ រីឯកងកម្លាំងរក្សាសន្តិភាពអន្តរជាតិមួយនឹងមើលការខុសត្រូវលើតំបន់ហ្កាហ្សា។ សេណារីយ៉ូទី៣ ប្រជាជនប៉ាឡេស្ទីន អាចនឹង ត្រូវបណ្ដេញទៅអេហ្ស៉ីប ឬបណ្ដាប្រទេសដទៃ ហើយអ៉ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សាដោយខ្លួនឯង។ សេណារីយ៉ូទី៣នេះត្រូវបានលើកឡើងដោយ ក្រុមសមាជិកសភាអ៉ីស្រាអែលស្ដាំនិយមជ្រុល។

ជាការពិតណាស់ ក្នុងរយៈពេលខ្លី គេមិនអាចដឹងនោះទេថាតើប្រជាជនប៉ាឡេស្ទីន ត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ១.៩លាននាក់ដែលបានរត់ភៀសខ្លួន ចេញពីភាគខាងជើង ទៅភាគខាងត្បូងតំបន់ហ្កាហ្សា អាចត្រឡប់ទៅរកដីធ្លី ឬផ្ទះសម្បែងរបស់ពួកគេវិញ ដែលត្រូវបានបំផ្លាញរាបដល់ដីបានដែរ ឬក៏យ៉ាងណា នោះទេ?

* តើអ្វីទៅដែលអ៉ីស្រាអែល រំពឹងថានឹងសម្រេចបាននៅហ្កាហ្សា?
លោក Nathan Brown ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកកម្មវិធីមជ្ឈិមបូព៌ា នៃវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថាការព្យាករពីលទ្ធផលនៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គឺជារឿងមួយដ៏លំបាក ពីព្រោះថាសូម្បីតែ អ៉ីស្រាអែលខ្លួនឯងក៏នៅមិនទាន់កំណត់គោលដៅឱ្យច្បាស់នោះដែរ ក្រៅតែពីប្រកាសប្រាប់គេឯងថានឹងកម្ទេចក្រុមហាម៉ាស។

តាមលោក Brown អ្វីដែលច្បាស់ នោះគឺអ៉ីស្រាអែលបានកំណត់ផ្លូវមួយដែលសន្មត់ថាពួកគេនឹងគ្រប់គ្រងផ្នែកសន្តិសុខក្នុងតំបន់ហ្កាហ្សា។ ដូច្នេះនេះមិនមែនជាអ្វី ដែលកំណត់ថាតើតំបន់ហ្កាហ្សានឹងត្រូវបានគ្រប់គ្រងដោយរបៀបណា នៅពេលអ៉ីស្រាអែលដកខ្លួនចេញនោះទេ ដ្បិតអ៉ីស្រាអែលមិនមែនកំពុងនិយាយពី ការដកខ្លួនចេញឡើយ។ នៅពេលនិយាយពីអនាគតតំបន់ហ្កាហ្សា វាមានការច្របូកច្របល់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ដោយក្រុមមន្ត្រីអ៉ីស្រាអែលមួយចំនួន លើកឡើងថាពួកគេមិនមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទេ តែអតីតក្រុមមន្ត្រីអ៉ីស្រាអែលខ្លះបានបញ្ជាក់ប្រាប់សារព័ត៌មានអាមេរិកធំៗថាអ៉ីស្រាអែលមានបំណង បង្កើត «តំបន់ទ្រនាប់ការពារមួយ» ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីភាគខាងជើងហ្កាហ្សា ដើម្បីបង្ការកុំឱ្យការវាយប្រហារដូចកាលពីថ្ងៃទី៧ ខែតុលា កើតឡើងជាថ្មី ម្ដងទៀត។

អ៉ីស្រាអែលក៏ធ្លាប់បានគ្រប់គ្រងលើតំបន់ហ្កាហ្សាដែរ។ តែនៅឆ្នាំ២០០៥ អ៉ីស្រាអែលបានសម្រេចចិត្តដកកងទ័ព និងនិគមជនខុសច្បាប់របស់ខ្លួនចេញពីហ្កាហ្សា ក្រោមសម្ពាធពីអន្តរជាតិ។ យ៉ាងណាក៏ដោយ សម្រាប់លោក Brown លោកយល់ថាអ៉ីស្រាអែលគ្មានជម្រើសល្អអ្វីផ្សេងឡើយ ក្រៅតែពីការបង្កើតវត្តមានសន្តិសុខ នៅក្នុងតំបន់ហ្កាហ្សា​ ក្រោយសង្រ្គាមបញ្ចប់ដូចជាការបង្កើតប៉ុស្តិ៍យោធាត្រួតពិនិត្យ ដើម្បីតាមដានចលនាទំនិញ និងប្រជាជនរស់នៅទីនោះ ព្រមទាំងដឹកនាំ ប្រតិបត្តិការវាយឆ្មក់ម្ដងម្កាល។

ព្រមពេលជាមួយគ្នា ក្រុមអ្នកនយោបាយអ៉ីស្រាអែលស្ដាំនិយមជ្រុលកាន់តែច្រើនឡើង នាំគ្នាអំពាវនាវឱ្យមានការបណ្ដេញប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំ ទៅកាន់ តំបន់វាលខ្សាច់នៃឧបទ្វីបស៊ីណៃរបស់អេហ្ស៉ីប ឬទៅកាន់ប្រទេសដទៃ។ ការអំពាវនាវត្រូវបានគេចាត់ទុកថាជាការប៉ុនប៉ងបង្កើតព្រឹត្តិការណ៍ Nakba ថ្មីមួយទៀត ឬជាព្រឹត្តិការណ៍បណ្ដេញប្រជាជនប៉ាឡេស្ទីនជាង ៧៥០,០០០នាក់ចេញពីផ្ទះរបស់ពួកគេ នៅពេលអ៉ីស្រាអែលបង្កើតប្រទេសក្នុងឆ្នាំ១៩៤៨។ ប៉ុន្តែ ក្រុមអ្នកជំនាញភាគច្រើនជឿជាក់ថាមានភាគរយតិចណាស់ដែលអ៉ីស្រាអែលអាចនឹងធ្វើបែបនេះ ដ្បិតមានការជំទាស់ពីសហគមន៍អន្តរជាតិ ក្នុងនោះមានទាំង សហរដ្ឋអាមេរិក ខណៈអ្នកជំនាញខ្លះទៀតព្រមានថាគេគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។

* តើអាជ្ញាធរប៉ាឡេស្ទីននឹងគ្រប់គ្រងតំបន់ហ្កាហ្សា ឬ?
ខណៈសង្រ្គាមនៅតែបន្ត ក្រុមអ្នកវិភាគជាច្រើននៅតែមានការសង្ស័យចំពោះភាពជោគជ័យរបស់អ៉ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាស ហើយសូម្បី ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏ធ្លាប់បានព្រមានដែរថាអ៉ីស្រាអែលអាចនឹងត្រូវចាយពេល១០ឆ្នាំ ដើម្បីសម្រេចគោលដៅនេះ។ តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីអាមេរិករបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន និងអតីតមន្ត្រីអាមេរិកជាច្រើនបានលើកឡើងដូចៗគ្នាពីគំនិតចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រង តំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបញ្ចប់ ឬបើក្រុមហាម៉ាសពិតជាត្រូវបានកម្ទេចមែននោះ។

ប៉ុន្តែ ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះបានរកឃើញថា៨០ភាគរយនៃប្រជាជនប៉ាឡេស្ទីន មានបំណង និងអំពាវនាវឱ្យមេដឹកនាំរបស់ពួកគេសព្វថ្ងៃ គឺលោក Mahmoud Abbas លាលែងចេញពីតំណែងជាប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញលើកិច្ចការមជ្ឈិមបូព៌ា ក៏មានការសង្ស័យដែរ ថាប្រជាជនហ្កាហ្សាអាចនឹងទទួលយកការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ដោយសារប្រជាជនប៉ាឡេស្ទីនភាគច្រើនយល់ថាគណបក្សរបស់លោក Abbas ពុករលួយ និងមិនមានសមត្ថភាពដឹកនាំរដ្ឋប៉ាឡេស្ទីនប្រកបដោយឯករាជ្យនោះដែរ។ «ប្រជាជនក្នុងតំបន់ West Bank បានយល់ឃើញរួចទៅហើយថា អាជ្ញាធរប៉ាឡេស្ទីនបានសមគំនិតជាមួយអ៉ីស្រាអែលតាមរយៈកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយមិនបានទទួលអ្វីទាំងអស់ត្រឡប់ទៅវិញ»។ នេះជាការយល់ ឃើញរបស់លោកស្រី Randa Slim មកពីវិទ្យាស្ថាន Middle East Institute។ លោកស្រីបន្ថែមថាអាជ្ញាធរប៉ាឡេស្ទីនខ្លួនឯងវិញ ក៏ទំនងជានឹងមិនព្រមទទួលយក ការត្រឡប់ទៅគ្រប់គ្រងតំបន់ហ្កាហ្សាជាថ្មីក្រោមការគាំទ្ររបស់អ៉ីស្រាអែលនោះដែរ ព្រោះវាអាចនឹងកាន់តែធ្វើប្រជាជនប៉ាឡេស្ទីនស្អប់ពួកគេលើសដើម។

ប៉ុន្តែ អ្នកជំនាញលើកិច្ចការមជ្ឈិមបូព៌ាផ្សេងទៀតដូចជា លោក Frédéric Encel មកពីសាលវិទ្យាល័យ Sciences Po University ក្នុងទីក្រុងប៉ារីសយល់ឃើញ ផ្សេងពីនេះ ដោយលោកលើកឡើងថាក្រៅពីអាជ្ញាធរប៉ាឡេស្ទីនក៏គ្មានជម្រើសល្អផ្សេងក្រៅពីនេះដែរ។ ពីព្រោះអ៉ីស្រាអែល គ្មានភាពស្របច្បាប់ ឬក៏គោលបំណង គ្រប់គ្រងតំបន់ហ្កាហ្សាក្នុងរយៈពេលវែងនោះទេ។ ចំណែក អេហ្ស៉ីប និងប្រទេសដទៃទៀតក៏មិនចាប់អារម្មណ៍ ឬក៏ចង់បញ្ជូនកងកម្លាំងរក្សាសន្តិភាពដើម្បីគ្រប់គ្រង ហ្កាហ្សានោះដែរ។ ប៉ុន្តែ លោក Frédéric Encel ក៏បានសង្កត់ធ្ងន់ដែរថាការចង់ឱ្យអាជ្ញាធរប៉ាឡេស្ទីនត្រឡប់ទៅគ្រប់គ្រងហ្កាហ្សាឡើងវិញ ទាល់តែត្រូវបំពេញ លក្ខខណ្ឌមួយចំនួនជាមុនសិន ក្នុងនោះដូចជាការរំសាយយោធារបស់ក្រុមហាម៉ាសទាំងស្រុង មានការគាំទ្រភាគច្រើនពីអន្តរជាតិ និងការដួលរលំរបស់រដ្ឋាភិបាល ស្ដាំនិយមជ្រុលរបស់លោកនាយករដ្ឋមន្ត្រី Binyamin Netanyahu ដើម្បីបើកផ្លូវទៅរករដ្ឋាភិបាលអ៉ីស្រាអែលថ្មីមួយដឹកនាំដោយអ្នកនយោបាយកណ្ដាលនិយម និងឆ្វេងនិយម ដែលមិនបានជំទាស់ដាច់ខាតទៅនឹងដំណោះស្រាយរដ្ឋ ២ ឬការចាប់ផ្ដើមកិច្ចចរចាឡើងវិញជាមួយប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ចំណុចសំខាន់ចុងក្រោយបំផុតនៃអនាគតតំបន់ហ្កាហ្សា នោះគឺការកសាងតំបន់នេះឡើងវិញ ដែលអគារភាគច្រើនត្រូវបានកម្ទេចឱ្យរាបដល់ដីក្រោម ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។ ក្រុមអ្នកជំនាញជឿថាគេអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីកសាងតំបន់ហ្កាហ្សា ខណៈការវាយតម្លៃពីទំហំចំណាយលើ ការសាងសង់ឡើងវិញនៅមិនទាន់អាចកំណត់បានទេ ដោយសារតែអ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរ។ តាមអង្គការសហប្រជាជាតិ បច្ចុប្បន្ន ២ភាគ៣នៃប្រជាជនហ្កាហ្សា នឹងត្រូវបាត់បង់ផ្ទះសម្បែងរបស់ពួកគេ នៅពេលពួកគេអាចត្រឡប់ទៅវិញក្រោយសង្រ្គាមបញ្ចប់៕