(ហ្សាការតា)៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ឥណ្ឌូនេស៊ីបានសន្យា ការផ្តល់វិភាគទានចំនួន​​ ៣ដង ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងពង្រឹងសាមគ្គីភាពជាសកលជាមួយប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្រជាជន និងរដ្ឋាភិបាលរបស់ខ្លួនបានមើលឃើញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងអំពាវនាវឱ្យមានការលុបបំបាត់អាណានិគមនិយម។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេស លោកស្រី Retno Marsudi បានបញ្ជាក់ការគាំទ្រនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍រំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។

លោកស្រី Marsudi បាននិយាយយ៉ាងដូច្នេះថា «ឥណ្ឌូនេស៊ីបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់ខ្លួនសម្រាប់ការពង្រឹងសាមគ្គីភាពនយោបាយ និងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់ប៉ាឡេស្ទីន រួមទាំងការបង្កើនការចូលរួមវិភាគទាន ៣ដង ចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការសហប្រជាជតិ (UNRWA) »។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០២ ដែល​បាន​គាំទ្រដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជា​បន្ទាន់​នៅ​ហ្គាហ្សា។ សហរដ្ឋ​អាមេរិក​បាន​វេតូ​ដំណោះស្រាយ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​សប្តាហ៍​មុន៕

រូបភាពពី AFP