(អ៊ីស្លាមាបាដ)៖ យោធាប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារទីតាំងយោធាមួយ នៅភាគពាយ័ព្យប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់នៅក្នុងការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមតាលីបង់ប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងទីប្រជុំជន Daraban ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ដែលជាតំបន់កុលសម្ព័ន្ធគ្មានច្បាប់គ្រប់គ្រង ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។

នាយកដ្ឋានទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជានាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមសកម្មប្រយុទ្ធបានបើករថយន្ត ដែលផ្ទុកទៅដោយសារធាតុផ្ទុះ ចូលទៅក្នុងច្រកចូលសំខាន់នៃស្ថានីយប៉ូលីស ហើយបន្ទាប់មកបានបើកការវាយប្រហារបំផ្ទុះអត្តឃាត។

ក្រុមជីហាតប៉ាគីស្ថាន (TJP) ដែលទើបនឹងកើតថ្មីៗនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន ប៉ុន្តែគោលដៅមិនត្រូវបានបញ្ជាក់នោះទេ៕

រូបភាពពី AFP