(ប៉េកាំង)៖ យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដើម្បីលាតត្រដាតឱ្យឃើញនូវចក្ខុវិស័យទូលំទូលាយ តាមរយៈគំនិតជាយុទ្ធសាស្ត្រប្រកបដោយត្រីវិស័យស្របតាមនិយាមគរុសភា។

ច្បាស់ណាស់ដែលថា រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោកយល់យ៉ាងច្បាស់ ពីទស្សនវិស័យទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិងគតិបណ្ឌិតរបស់ប្រទេសចិន ពីព្រោះតាមរយៈកំណែទម្រង់ បើកចំហសេដ្ឋកិច្ច បាននាំការអភិវឌ្ឍក្នុងប្រទេសនិងអន្តរជាតិ ដោយមានការផ្សារភ្ជាប់គ្នារវាងចិននិងពិភពលោក និងបានឈានចូលដំណាក់កាលថ្មីរបស់ប្រទេសចិន ក្នុងការបោះជំហានយ៉ាងស្វាហាប់នៅលើវិថី នៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

ជាក់ស្តែង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ តាមប្រព័ន្ធវីដេអូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ថា «ទ្វាររបស់ប្រទេសចិនគឺបើកចំហ និងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយថែមទៀតផង។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហ នឹងនាំមកនូវភាពកក់ក្តៅដល់គ្រប់ផ្នែកនៃពិភពលោក»។ រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ដែលមិនត្រឹមតែ ជាតួអង្គនៅក្នុងសង្វាក់ផលិតកម្មសកល អភិបាលកិច្ចសកល សន្តិសុខសកល អរិយធម៌សកល និងអភិវឌ្ឍសកលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់នៅក្នុងកិច្ចកសាងសហគមន៍រួមជីវិតសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិតាមរយៈទស្សនៈអរិយធម៌អេកូឡូស៊ី ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសុខុមាលភាពរបស់ផែនដី។

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីគំនិតទូលំទូលាយ របស់ប្រទេសចិន និងការលះបង់សម្រាប់មនុស្សជាតិ។ ភាពរីកចម្រើនរបស់ប្រទេសចិនចាប់តាំងពីផែនការ៥ឆ្នាំលើកទី៦ រៀងមកបានក្លាយជាផែនការមេសម្រាប់ពូនផ្តុំការអភិវឌ្ឍសកល ដែលមនុស្សជាតិគួរតែសាបព្រោះនិងឈ្វេងយល់បន្ថែម។ នៅក្នុងការវិភាគប្រកបដោយប្រាជ្ញាចិនអំពីលក្ខណៈពិសេស និងការអភិវឌ្ឍនៃនិន្នាការពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនតែងបានប្រើប្រាស់ពាក្យដ៏សាមញ្ញនោះគឺ ពិភពលោកបច្ចុប្បន្នជាពិភពលោកដែលបើកចំហ ហើយប្រទេសចិនមិនអាចអភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាចអភិវឌ្ឍនៅដាច់ដោយឡែក ពីពិភពលោកទាំងមូលបានឡើយ។

ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហ និងការរួមបញ្ចូលគ្នា បានធ្វើឲ្យប្រទេសចិនក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគពហុភាគីនិយម។ ក្នុងន័យនេះ ទើបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃថ្ងៃកំណើតបក្សកុម្មុយនិស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា «តាមរយៈការខិតខំប្រឹងប្រែងជាប់ជាប្រចាំរបស់បក្សទាំងមូលនិងប្រជាជាតិទាំងមូល ប្រទេសចិនបានសម្រេចបានគោលដៅប្រចាំសតវត្សរ៍ដំណាក់កាលទីមួយ ចិនបានកសាងសង្គមមួយដែលប្រជាជន មានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ បានដោះស្រាយបញ្ហានភាពក្រីក្រជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសចិន»។ បន្ថែមពីលើនេះ ក្រៅពីជួយដោះស្រាយវិបត្តិភាពក្រីក្រដល់ប្រជាជនរបស់ខ្លួន ប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» បានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីភាពក្លាហាន ផ្នែកនយោបាយរបស់ប្រទេសចិនក្នុងការងារត្រួសត្រាយ និងការងារច្នៃប្រឌិត។ តួនាទីអភិបាលកិច្ចសកលរបស់ប្រទេសចិន ត្រូវបានគេកត់សម្គាល់ថាជាស្មារតីត្រួសត្រាយ និងច្នៃប្រឌិតដែលមនុស្សជាតិគួរតែត្រូវបានបន្តទៅមុខ ដោយរួមកម្លាំងសាមគ្គីប្រកៀកស្មារជាមួយប្រទេសចិន ក្នុងស្មារតីប្រកបដោយភាពទទួលខុសត្រូវក្នុងប្រវត្ដិសាស្ដ្រ

។ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ប្រទេសចិនតែងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការចាត់ទុកបញ្ហានៃការអភិវឌ្ឍសកលជាបញ្ហាមួយ ដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងអស់ ហើយតែងកៀរគរពិភពលោកឱ្យសិក្សា និងដោះស្រាយបញ្ហាសកលតាមស្ថានភាពជាក់ស្តែង។ បទពិសោធន៍ពោរពេញដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងរយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានរួមចំណែកកសាងពិភពលោកមួយ ដែលមានលក្ខណៈបើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក ដោយហេតុថាពិពិធកម្មនៃអរិយធម៌របស់មនុស្សជាតិ មិនត្រឹមតែកំណត់លក្ខណៈ ឲ្យពិភពលោករបស់យើងប៉ុណ្ណោះទេ ថែមទាំងបានជំរុញឲ្យមាននូវវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ ប្រៀបដូចជា«ស៊ុបឆ្នាំងភ្លើងឆុងឈីងដែលល្បីឆ្ងាញ់ពិសារ ត្រូវបានចម្អិនដោយមានគ្រឿងផ្សំជាច្រើនផ្សេងគ្នា»។ យើងរំលឹកឡើងវិញពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីសេចក្តីស្រឡាញ់ដ៏មហិមារបស់ប្រទេសចិន ចំពោះប្រជាជនចិននិងមនុស្សជាតិ។ កំណែទម្រង់របស់ប្រទេសចិន គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិដែលជាប្រភព នៃកម្លាំងដែលមិនចេះរីងស្ងួតសម្រាប់ពិភពលោក។ ជ្រុងមួយក្នុងចំណោមការអភិវឌ្ឍជាច្រើនរបស់ប្រទេសចិន ដោយចាប់ផ្តើមពីឆ្នាំ១៩៨៨ គឺជារបត់ថ្មីមួយនៅក្នុងការអភិវឌ្ឍផ្លូវល្បឿនលឿនទី១ របស់ប្រទេសចិន ហើយឆ្លងកាត់រយៈពេលបីទសវត្សរ៍មក ប្រទេសចិនមានផ្លូវល្បឿនលឿនប្រវែង១៦០,០០០គីឡូម៉ែត្រ ដែលជាប្រវែងច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។

នេះជាការបញ្ជាក់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលជានិន្នាការប្រវត្តិសាស្ត្រ ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ លំហូររបស់ប្រជាជន និងការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងអស្ចារ្យ។ រយៈពេល៤៥ឆ្នាំមកនេះ បទពិសោធន៍របស់ប្រទេសចិន ដែលបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រនិងទន់ខ្សោយ ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនចិន បានក្លាយជាបទពិសោធន៍ ជាមគ្គុទេសក៍និងបង្កើនល្បឿនដល់បណ្តាប្រទេសនានា រួមកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ជារួម រយៈពេល៤៥ឆ្នាំដោយគិតចាប់ពីឆ្នាំ១៩៧៨មក ប្រទេសចិនបន្តធ្វើការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីបង្កើតនូវក្របខណ្ឌនៃទំនាក់ទំនងជាមួយ បណ្តាប្រទេសសំខាន់ៗ ដែលមានផ្តោតលើស្ថិរភាព និងតុល្យភាពនៃកំណើនសេដ្ឋកិច្ចជាទូទៅ។ ប្រទេសចិនតែងបន្ត ប្រកាន់ខ្ជាប់នូវទស្សនៈគុណធម៌ទទួលផលប្រយោជន៍ត្រឹមត្រូវ និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីលទ្ធផលជាក់ស្តែង ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ដោយផ្អែកលើមូលដ្ឋាននៃមិត្តភាពភាព ស្មោះត្រង់ ផលប្រយោជន៍រួម និងបរិយាប័ន្នប្រកបដោយជំនឿទុកចិត្តនិងលទ្ធផលជាក់ស្តែង តាមរយៈការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយបណ្តាប្រទេសនានាឲ្យដល់កម្រិតមួយកាន់តែល្អប្រសើរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន