(វីយែន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងក្នុងរបាយការណ៍មួយ នាថ្ងៃអង្គារនេះថា ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នបានប្រែក្លាយជា កន្លែងប្រភពដំណាំអាភៀនធំជាងគេបំផុត នៅលើពិភពលោក ដោយសារតែកត្តាអស្ថិរភាពក្នុងស្រុក និងការថយចុះនៃការដាំដុះដំណាំនេះ នៅប្រទេស​អាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មនិងគ្រឿងញៀន ហៅកាត់ UNODC បានលើកឡើងថា ការថយចុះរហូតដល់ទៅ៩៥ភាគរយ ក្នុងការដាំដុះអាភៀននៅឯអាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ប្រកាសចេញបម្រាមហាមឃាត់ កាលពីឆ្នាំ២០២២ បានមើលឃើញប្រភពដំណាំអាភៀនរបស់ពិភពលោក ផ្លាស់ប្តូរទៅកាន់មីយ៉ាន់ម៉ាវិញ ជាកន្លែងដែលការដាំដុះពួកវាបាននិងកំពុងរីកសុះសាយខ្លាំងក្លាបំផុត ដោយសារតែបញ្ហាអស្ថិរភាពផ្នែកនយោបាយ សង្គម ក៏ដូចជាសេដ្ឋកិច្ច ដែលបង្កឡើងដោយរដ្ឋប្រហារយោធា​ឆ្នាំ២០២១។

គួរបញ្ជាក់ថា យោងតាម UNODC មីយ៉ាម៉ាន់ប្រមូលផលអាភៀន ដែលចាំបាច់សម្រាប់យកទៅផលិតគ្រឿងញៀនប្រភេទហេរ៉ូអ៉ីននោះ បានប្រហែល១,០៨០តោន នៅក្នុងឆ្នាំនេះ។ រីឯការដាំដុះអាភៀននៅអាហ្វាហ្កានីស្ថានវិញ បានថយមកនៅត្រឹមខ្ទង់៣៣០តោនប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់ បានហាមឃាត់ការដាំដំណាំនេះ កាលពីខែមេសា ឆ្នាំមុន។ តម្លៃប៉ាន់ស្មានសរុបនៃសេដ្ឋកិច្ចដំណាំអាភៀន​របស់ប្រទេសមីយ៉ាន់ម៉ា បានកើនដល់ចន្លោះ១-២.៤ពាន់លានដុល្លារ ដែលស្មើនឹង១.៧-៤.១ភាគរយ នៃទំហំ GPD ឆ្នាំ២០២២ របស់​ប្រទេសអាស៊ានមួយនេះ។ កាលពីឆ្នាំទៅ បើតាម UNODC មីយ៉ាន់ម៉ាផលិតអាភៀនបានប្រហែល៧៩០តោន៕

រូបភាពពី Reuters