(តូក្យូ)៖ នៅថ្ងៃអង្គារនេះ បុគ្គលដែលមានវ័យចំណាស់ជាងគេបង្អស់ប្រចាំនៅប្រទេសជប៉ុន ទើបតែបានទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
ដោយកើតតាំងតែពីឆ្នាំ១៩០៧ លោកយាយឈ្មោះ Fusa Tatsumi ទើបតែបានទទួលមរណភាព នៅមណ្ឌលថែទាំជនចាស់ជរាមួយកន្លែង ស្ថិតក្នុងទីក្រុង Osaka បន្ទាប់បានប្រារព្ធខួបអាយុ១១៦ឆ្នាំ កាលពីខែមេសា ឆ្នាំនេះ។ លោកយាយ Tatsumi ត្រូវបានទទួលស្គាល់ជា បុគ្គលមានវ័យចំណាស់បំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលោកយាយ Kane Tanaka បានទទួលមរណភាពកាលពីឆ្នាំមុន ក្នុងវ័យ១១៩ឆ្នាំ។
សៀវភៅកំណត់ត្រាពិភពលោក ធ្លាប់បានទទួលស្គាល់ជាផ្លូវការ ចំពោះឋានៈរបស់លោកយាយ Tatsumi ក្នុងនាមជាបុគ្គលចាស់ជាងគេបំផុតលើពិភពលោក កាលពីខែមេសា ឆ្នាំ២០២២។ យ៉ាងណាមិញ បច្ចុប្បន្នឋានៈនេះ បានទៅលើលោកយាយម្នាក់ទៀត ឈ្មោះ Maria Branyas ជាជនជាតិអេស៉្បាញកើតនៅអាមេរិក ដែលនឹងឈានចូលវ័យ ១១៧ឆ្នាំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំក្រោយ។
គួរបញ្ជាក់ថា ជប៉ុនជាប្រទេសទី២លើពិភពលោក បន្ទាប់ពីម៉ូណាកូ ដែលមានភាគរយប្រជាជនអាយុលើស៦៥ឆ្នាំខ្ពស់បំផុត ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ហើយប្រជាជាតិអាស៉ីខាងកើតមួយនេះ មានមនុស្សវ័យចាប់ពី១០០ឆ្នាំឡើងទៅ គឺជាង៤៧,០០០នាក់៕