(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យរបស់សេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពី របាយការណ៍ថា អ៉ីស្រាអែលបានប្រើប្រាស់អាវុធដែលមានសារធាតុផូស្វ័រពណ៌ស ដែលផ្គត់ផ្គង់ដោយអាមេរិក ក្នុងការវាយប្រហារកាលពីខែតុលា នៅឯភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «យើងបានឃើញនូវរបាយការណ៍នោះ ហើយពិតជាគួរឱ្យ ព្រួយបារម្ភ។ យើងនឹងសាកសួរ​ដើម្បី​បានដឹងបន្ថែម​ទៀត»។ លោក Kirby បានបន្ថែមថា «ជាក់ស្តែងនៅពេលណាដែលយើងផ្តល់សម្ភារៈយោធា ដូចជាសារធាតុគ្រាប់មានសារធាតុផូស្វ័រពណ៌ស ទៅឲ្យយោធាផ្សេងទៀត យើងរំពឹងថាវានឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងស្របច្បាប់ និងស្របតាមច្បាប់នៃជម្លោះប្រដាប់អាវុធ»

គួរបញ្ជាក់ថា ជុំវិញរបាយការណ៍នេះដែរ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាកងកម្លាំងការពារជាតិ និងស្ថាប័ន សន្តិសុខអ៉ីស្រាអែលទាំងអស់ ធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិ៕

រូបភាពពី Reuters