(ម៉ានីល)៖ នៅថ្ងៃចន្ទនេះ ហ្វីលីពីនបានកោះហៅឯកអគ្គរដ្ឋទូតចិន និងកំណត់លទ្ធភាពបណ្តេញចេញ បន្ទាប់ពីទូកហ្វីលីពីននិងនាវាចិនបុកគ្នា នៅឯតំបន់ថ្មប៉ប្រះទឹកមានវិវាទក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «ការតវ៉ាផ្នែកការទូតត្រូវបានធ្វើឡើង ហើយឯកអគ្គរដ្ឋទូតចិនក៏ត្រូវបានកោះហៅផងដែរ»។ លោកស្រី Daza បានបន្ថែមថា ការប្រកាសចាត់ទុកឯកអគ្គរដ្ឋទូតចិន លោក Huang Xilian ថាជា «បុគ្គលលែងត្រូវបានស្វាគមន៍» នៅក្នុងប្រទេសហ្វីលីពីន ក៏ជារឿងដែលត្រូវតែគិតគូរយ៉ាងម៉ត់ចត់។

គួរបញ្ជាក់ថា ចិន និងហ្វីលីពីន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុខាងលើដែលបានកើតឡើង អំឡុងហ្វីលីពីនដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ សម្រាប់ទាហានរបស់ខ្លួនមួយក្រុមតូចដែលឈរជើង នៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ Second Thomas Shoal នៃទីប្រជុំកោះ Spratly។ តំបន់ថ្មប៉ប្រះទឹក នេះគឺជាចំណុចក្ដៅរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ហើយមុនមួយថ្ងៃមានហេតុការណ៍បុកគ្នានេះ ហ្វីលីពីនក៏បានចោទឆ្មាំសមុទ្រចិនផងដែរថាបាន ប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន។

ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះដុនដាបខ្លាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលបាននិងកំពុងបោះដៃកាន់តែខ្លាំងទៅរកសហរដ្ឋអាមេរិក និងប្រឆាំងតបតទៅនឹងសកម្មភាពរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង៕

រូបភាពពី Reuters