(កៀវ)៖ ក្រុមមន្ត្រីបាននិយាយថា នៅថ្ងៃចន្ទនេះ អ៊ុយក្រែនបានបាញ់ទម្លាក់មីស៉ីលរបស់រុស្ស៉ី ដែលវាយប្រហារមកលើទីក្រុងកៀវ និងបណ្តាលឲ្យមនុស្ស ៤នាក់របួសដោយសារតែកម្ទេចកំទីនៃមីស៉ីលធ្លាក់ចំសង្កាត់ជាច្រើននៃរដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញមីស៉ីលបាលីស្ទីគ ៨គ្រាប់របស់រុស្ស៉ីមកលើទីក្រុងកៀវ នៅម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ បើតាមអភិបាលក្រុងកៀវ លោក Vitali Klitschko មនុស្ស ៤នាក់កំពុងទទួលការព្យាបាលនៅក្នុងស្រុក Darnitskyi ភាគអាគ្នេយ៍នៃទីក្រុង។

Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននៃប្រភេទអាវុធដែលរុស្ស៉ីប្រើបានដោយឯករាជ្យទេ ទោះបីជាសាក្សី Reuters បានឮសូរការផ្ទុះជាច្រើននៅក្នុងទីក្រុងកៀវ អំឡុងពេលនោះក្តី។ ចំណែករុស្ស៉ីក៏​មិន​ទាន់ឆ្លើយតបជុំវិញការអះអាងនេះដែរ។

គួរបញ្ជាក់ថា ក្នុងសង្រ្គាមរយៈពេលជិត ២២ខែលើអ៊ុយក្រែន រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ដែលអាចបាញ់ចេញពីដី អាកាស ឬសមុទ្រ ហើយហោះហើរបានក្នុងរយៈកម្ពស់ទាប៕

រូបភាពពី Reuters