(ឡុងដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ទីក្រុងឡុងដ៍បានសម្រេចបរិច្ចាគ នាវាយោធាប្រមាញ់រកគ្រាប់មីនចំនួន២គ្រឿង ទៅកាន់អ៊ុយក្រែន ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកមីនរបស់រុស្ស៉ី ដែលត្រូវបានដាក់ពង្រាយក្នុងផ្ទៃសមុទ្រខ្មៅ ហើយជួយទីក្រុងកៀវស្តារការនាំចេញតាមផ្លូវទឹកឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ បានរងផលប៉ះពាល់យ៉ាងខ្លាំង គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយសមុទ្រខ្មៅបានស្ថិតក្រោម ការបិទខ្ទប់របស់កងទ័ពជើងទឹករុស្ស៉ី។ រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បាននិយាយដូច្នេះថា «នាវាប្រមាញ់រកគ្រាប់មីនទាំងនេះ នឹងផ្តល់សមត្ថភាពដ៏សំខាន់ដល់អ៊ុយក្រែន ដែលនឹងជួយសង្រ្គោះជីវិតនៅលើផ្ទៃសមុទ្រ ហើយបើកចំហឡើងវិញនូវច្រកផ្លូវនាំចេញដ៏សំខាន់»។
គួរបញ្ជាក់ថា ក្នុងថ្ងៃចន្ទដដែលនេះ លោក Shapps និងសមភាគីន័រវែសរបស់លោក នឹងត្រូវប្រកាសចេញនូវគំនិតផ្តួចផ្តើមការពារជាតិថ្មី ហៅថា Maritime Capability Coalition។ បើតាមលោក Shapps គំនិចផ្តួចផ្តើមនោះ នឹងគូសវាសនូវការចាប់ផ្តើមកិច្ចប្រឹងប្រែងថ្មីមួយ របស់ចក្រភពអង់គ្លេស រួមទាំងន័វវែសនិងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់អ៊ុយក្រែន៕
រូបភាពពីក្រសួងការពារជាតិអង់គ្លេស