(ញូវយ៉ក)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) នឹងជួបប្រជុំនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូវយ៉ក) ដើម្បីពិភាក្សាអំពី​វិបត្តិមនុស្សធម៌ នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានបោះឆ្នោតវេតូសំណើមួយនៅក្រុមប្រឹក្សាសន្តិសុខ UN ដែល​មានគោលដៅអំពាវនាវបទឈប់បាញ់ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យប្រធានមហាសន្និបាត UN បានឱ្យដឹងថា កិច្ចប្រជុំពិសេសមួយនៃមហាសន្និបាត ត្រូវបានស្នើឱ្យរៀបចំឡើងនៅរសៀលថ្ងៃអង្គារ ពីសំណាក់អ្នកតំណាង នៃប្រទេសអេហ្ស៉ីបនិងម៉ូរីតានី ដែលមានឋានៈជាប្រធានក្រុមអារ៉ាប់ និងប្រធានអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។ យោងតាមប្រភពការទូត មហាសន្និបាត UN អាចនឹងបោះឆ្នោតលើសេចក្តីសម្រេចមួយស្តីពីបទឈប់បាញ់ អំលុងកិច្ចប្រជុំថ្ងៃអង្គារនោះ។

ខ្លឹមសារព្រាងនៃសេចក្តីសម្រេចខាងលើ ត្រូវគេរំពឹងថានឹងមានពាក្យពេចន៍ស្រដៀងគ្នាទៅនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវបានអាមេរិកវេតូ កាលពីថ្ងៃសុក្រសប្តាហ៍មុនដែរ គឺបង្ហាញក្តីបារម្ភជាខ្លាំងអំពីស្ថានការណ៍មនុស្សធម៌ដ៏អន្តរាយនៅ Gaza Strip ហើយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ព្រមទាំងការដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ ជាបន្ទាន់​និងដោយឥតលក្ខខណ្ឌ។

គួរបញ្ជាក់ថា កាលពីចុងខែតុលា ប៉ុន្មានសប្តាហ៍ក្រោយសង្រ្គាមនៅ Gaza ផ្ទុះឡើង មហាសន្និបាត UN ក៏បានបោះឆ្នោតអនុម័តចំពោះ សេចក្តីសម្រេចមួយដែរ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់និងឋិតថេរ ដើម្បីឈានទៅរកការបញ្ឈប់អរិភាពរវាង​អ៉ីស្រាអែលនិងហាម៉ាស។ ពីរសប្តាហ៍បន្ទាប់មក ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានចេញមុខអំពាវនាវជាលើកដំបូង ឱ្យមាន «ការផ្អាករយៈពេលវែង និងច្រករបៀងមនុស្សធម៌» ក្នុងការប្រយុទ្ធគ្នានោះ ពោលគឺប្រើសម្តីមិនសូវច្បាស់ចំៗ ដោយចៀសវាងប្រើពាក្យ​ ដូចជាបទឈប់បាញ់។ ដោយឡែក ផ្ទុយពីសេចក្តីសម្រេច ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ សេចក្តីសម្រេចរបស់​មហាសន្និបាត UN គឺមានលក្ខណៈមិនតម្រូវឱ្យគោរពតាមជាកំហិតឡើយ៕

រូបភាពពី Reuters