(វែលីងតោន)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា រូបលោកនឹងខំប្រឹងព្យាយាមជំរុញទំនាក់ទំនងប្រទេសលោកឱ្យជិតស្និទ្ធជាងមុន ជាមួយបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្រ្តាលី ដែលជាផ្នែកនៃគោលដៅផ្តោតសំខាន់ឡើងវិញលើវិស័យសន្តិសុខ នៅក្រោមរដ្ឋាភិបាលថ្មីនៃប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសទាំង៤ខាងលើ រួមជាមួយនូវែលសេឡង់ ត្រូវគេស្គាល់ជាសម្ព័ន្ធភាពមួយហៅថា Five Eyes ដែលបានបន្តចែករំលែកព័ត៌មានសម្ងាត់រវាងគ្នា ចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទី២ មកម្ល៉េះ។ លោក Peters គឺជាប្រធានគណបក្ស New Zealand First Party ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយនាយករដ្ឋមន្រ្តី Christopher Luxon ប្រធានគណបក្ស National Party ដែលទើបតែឡើងកាន់អំណាចក្នុងខែធ្នូនេះ។
លោក Peters ក៏ជាអតីតរដ្ឋមន្រ្តីការបរទេសផងដែរ ហើយរូបលោកបានប្រើប្រាស់សុន្ទរកថាធំដំបូងរបស់លោក ស្តីពីគោលនយោបាយការបរទេស គិតចាប់តាំងពីបានត្រឡប់មកកាន់តំណែងនេះសាជាថ្មីវិញ ដើម្បីសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យជិតស្និទ្ធជាងមុន ជាមួយក្រុមប្រទេសជាដៃគូសន្តិសុខ។ លោក Peters បានលើកឡើងយ៉ាងដូច្នេះថា «យើងមានបំណងធ្វើឱ្យរស់រវើកឡើងវិញ នូវទំនាក់ទំនងការពារជាតិនិងសន្តិសុខរបស់យើង រួមមានជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធភាព Five Eyes ព្រមទាំងជាមួយដៃគូសន្តិសុខផ្សេងទៀត ទាំងនៅក្នុងតំបន់និងក្រៅតំបន់»។
គួរបញ្ជាក់ថា ជាយូរមកហើយ នូវែលសេឡង់ គឺជាសមាជិកដែលប្រកាន់ជំហរមានលក្ខណៈសម្រុះសម្រួលជាងគេ ជាមួយប្រទេសចិន នៅក្នុងចំណោមសមាជិក Five Eyes ទាំង៥។ យ៉ាងណាមិញ ការនិយាយស្តីរបស់នូវែលសេឡង់ ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ក៏ដូចជាការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង ត្រូវបានធ្វើឱ្យរឹងមាំជាងមុន ក្រោមអតីតរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Labour បន្ទាប់ពីទីក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះសូឡូម៉ុន។ រីឯយោធានូវែលសេឡង់ ក៏កំពុងប្រឈមការលំបាកផងដែរ ជាមួយបរិក្ខារចាស់ៗនិងការខ្វះខាតបុគ្គលិក ដោយនាវាចម្បាំង៣គ្រឿង ក្នុងចំណោម៩គ្រឿងរបស់ប្រទេសនេះ ត្រូវបញ្ឈរជើងចោល ដោយសារតែខ្វះនាវិក៕
រូបភាពពី Reuters