(ហ្សឺណែវ)៖ នៅថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) បានប្រកាសអំពាវនាវស្វែងរកការរៃអង្គាសថវិកាចំនួន ៤៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ដើម្បីយកទៅជួយមនុស្សរាប់រយលាននាក់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិមនុស្សធម៌ នៅទូទាំងសកលលោក រួមមានទាំងនៅដែនដីប៉ាឡេស្ទីន ស៊ូដង់ និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពមនុស្សធម៌ជាសកល សម្រាប់ឆ្នាំ២០២៤ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ហៅកាត់ OCHA បាននិយាយថា មនុស្សសរុបរហូតដល់ជិត៣០០នាក់ នឹងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ នៅឆ្នាំក្រោយ ដោយសារតែជម្លោះ គ្រោះមហន្តរាយដែលបណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុ ហើយនិងកត្តាសេដ្ឋកិច្ច។ វារាប់បញ្ចូលទាំងមនុស្សចំនួន៧៤.១លាននាក់ នៅតំបន់អាហ្រ្វិកខាងកើតនិងខាងត្បូង ខណៈក្នុងចំណោមនោះ ភាគច្រើនគឺរងការប៉ះពាល់ដោយសារ វិបត្តិជម្លោះនៅស៊ូដង់។
លោក Martin Griffiths ប្រមុខ OCHA បានលើកឡើងថា ចំនួនថវិកាដែលត្រូវបានអំពាវនាវ គឺសម្រាប់មនុស្ស១៨១លាននាក់ ក្នុងចំណោម៣០០លាននាក់ខាងលើ ព្រោះទីភ្នាក់ងារដទៃទៀត ដូចជាកាកបាទក្រហមអន្តរជាតិជាដើម មានការប្រកាសរៃអង្គាសថវិការបស់ពួកគេផ្ទាល់។ បើតាមលោក Griffiths តំបន់មជ្ឈិមបូព៌ាទាំងមូល ព្រមទាំងតំបន់ Gaza Strip និង West Bank ទំនងនឹងជាកន្លែងដែលត្រូវការជំនួយចាំបាច់ខ្លាំងជាងគេ ប៉ុន្តែអ៊ុយក្រែនដែលប៉ុន្មានខែទៀត នឹងឈានចូលដល់ឆ្នាំទី៣ នៃសង្រ្គាមជាមួយរុស្ស៉ី ក៏នឹងត្រូវការការយកចិត្តទុកដាក់ច្រើនផងដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ OCHA ប្រព័ន្ធជំនួយមនុស្សធម៌ កំពុងតែប្រឈមមុខនឹងវិបត្តិមូលនិធិយ៉ាងធំមួយ ដោយកាលពីឆ្នាំមុន ទទួលបានត្រឹមជាង ១ភាគ៣ប៉ុណ្ណោះ នៃថវិកាគោលដៅចំនួន ៥៧ពាន់លានដុល្លារ៕
រូបភាពពី Reuters