(ស៉ីដនី)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) លោក James Marape បាននិយាយថា ប្រទេសដែនកោះនៃតំបន់ប៉ាស៉ីហ្វិកមួយនេះ មិនបានបើកកិច្ចពិភាក្សាណាមួយជាមួយចិន ស្តីពីវិស័យសន្តិសុខនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទមួយនៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី លោក Marape បាននិយាយថា PNG បានបង្ហាញតម្លាភាពជានិច្ច ហើយនៅ​ពេលរូបលោកបានបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំនេះ ជាមួយក្រុមរដ្ឋមន្រ្តីរបស់លោក គឺមិនមានកិច្ចសន្ទនាពាក់ព័ន្ធសន្តិសុខនោះទេ។ លោកនាយករដ្ឋមន្រ្តី PNG បានអះអាងដូច្នេះថា «យើងបានរក្សាកិច្ចសន្ទនាឱ្យនៅត្រឹមក្នុងលំហសេដ្ឋកិច្ច ខណៈយើងងាកទៅដៃគូសន្តិសុខយូរមកហើយរបស់យើង សម្រាប់បញ្ហាសន្តិសុខ»។

កាលពីខែឧសភា ឆ្នាំនេះ PNG បានចុះកិច្ចព្រមព្រៀងការពារជាតិមួយ ជាមួយសហរដ្ឋអាមេរិក ហើយកាលពីសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្រ្តាលី។ បើតាមលោក Marape កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជួយបំពេញគ្នាទៅវិញទៅមក ដោយកិច្ចព្រមព្រៀងជាមួយអាមេរិក ផ្តោតលើសន្តិសុខផ្នែកខាងក្រៅ ខណៈកិច្ចព្រមព្រៀងជាមួយអូស្រ្តាលី ផ្តោតលើសន្តិសុខខាងក្នុង។

គួរបញ្ជាក់ថា ប៉ាពូអាស៉ីនូវែលហ្គីណេ ស្ថិតនៅក្នុងតំបន់យុទ្ធសាស្រ្តមួយ ដែលកំពុងមើលឃើញការកើនឡើង នៃការប្រកួតប្រជែងឥទ្ធិពល​រវាងកំពូលមហាអំណាចទាំងពីររបស់ពិភពលោក គឺសហរដ្ឋអាមេរិកនិងចិន។ កាលពីឆ្នាំ២០២២ ចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខមួយ ​ជាមួយប្រទេសដែនកោះសូឡូម៉ុន ដែលនៅក្បែរខាង PNG៕

រូបភាពពី Reuters